ព័ត៌មានអន្តរជាតិ

យូអិន ស្វះស្វែងរកជំនួយ រាប់រយលានដុល្លារ ដើម្បីបញ្ចៀសវិបត្តិមនុស្សជាតិ នៅអាហ្វហ្គានីស្ថាន

បរទេស៖ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ នឹងបើកកិច្ចប្រជុំស្វែងរកជំនួយមួយ នៅក្នុងទីក្រុងហ្សឺណែវ ក្នុងកិច្ចប្រឹងប្រែងរៃប្រាក់ ជាង៦០០លានដុល្លារ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយធ្វើការព្រមាន អំពីវិបត្តិមនុស្សជាតិ ក្នុងប្រទេសនោះ ក្រោយពួកតាលីបង់ដណ្ដើមអំណាច។

មន្ត្រីអង្គការសហប្រជាជាតិ និងក្រុមអ្នកផ្តល់ជំនួយធ្វើការព្រមានថា នៅមុនពេលពួកតាលីបង់ ដណ្ដើមបានទីក្រុងកាប៊ុល កាលពីខែមុន ប្រជាជនអាហ្វហ្គានីស្ថាន មានចំនួនពាក់កណ្ដាល ត្រូវពឹងផ្អែកលើជំនួស ហើយតួលេខនោះ នឹងមានការកើនឡើង ដោយសារតែគ្រោះរាំងស្ងួត និងការខ្វះខាតប្រាក់និងចំណីអាហារ។

អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បាននិយាយថា អង្គការរបស់លោក កំពុងតែមានការលំបាកផ្នែកហិរញ្ញវត្ថុ ហើយលោកបាននិយាយប្រាប់ អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា “នៅក្នុងពេលបច្ចុប្បន្ននេះ អង្គការសហប្រជាជាតិ មិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចេញថ្លៃប្រាក់ខែ ដល់ក្រុមការងាររបស់ខ្លួននោះទេ”។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដែលនឹងត្រូវប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃចន្ទនេះ នឹងមានការចូលរួម ដោយមន្ត្រីជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ រួមមានទាំងលោក Antonio Guterres និងលោក Peter Maurer ជាប្រធានគណៈកម្មការ កាកបាទក្រហមអន្តរជាតិ ក៏ដូចជាតំណាងរដ្ឋាភិបាល ជាច្រើនរូប រួមមានទាំងរដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Heiko Maas ផង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top