ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ីន នឹងភ្ជាប់ខ្សែទំនាក់ទំនង ជាមួយកូរ៉េខាងត្បូងវិញ

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ទីក្រុងព្យុងយ៉ាង នឹងតភ្ជាប់ឡើងវិញ នូវខ្សែទំនាក់ទំនងបន្ទាន់ជាមួយទីក្រុងសេអ៊ូល នៅដើមខែតុលា ក្នុងសញ្ញាផ្សះផ្សារចំណងមិត្តភាពអន្តរកូរ៉េ ហើយទន្ទឹមគ្នានេះដែរ ក៏បានធ្វើការថ្កោលទោស ចំពោះកិច្ចប្រឹងប្រែងការទូតអាមេរិក ថាជាល្បិចកលតូចតាច។

នៅក្នុងសុន្ទរកថាមួយ ថ្លែងទៅរដ្ឋសភា កាលពីថ្ងៃពុធ មេដឹកនាំកូរ៉េខាងជើងរូបនេះ ចង់ឲ្យបណ្ដាញទំនាក់ទំនងគ្នាតភ្ជាប់ឡើងវិញ ដើម្បីឃើញភាពល្អប្រសើរឡើងនៃចំណងមិត្តភាពកូរ៉េខាងជើងនិងកូរ៉េខាងត្បូង ពីការជាប់គាំងបច្ចុប្បន្ននេះ និងរក្សាសន្តិភាពយូរអង្វែងលើឧបទ្វីបកូរ៉េ។

លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ដំណើរវិវត្តន៍ទៅមុខ ពឹងផ្អែកលើឥរិយាបថរបស់អាជ្ញាធរកូរ៉េខាងត្បូង និងបានធ្វើការកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើង មិនមានបំណង ឬក៏ហេតុផល ដើម្បីបង្កហេតុចំពោះកូរ៉េខាងត្បូង និងគ្មានគំនិតធ្វើបង្កគ្រោះនោះទេ។

គួរបញ្ជាក់ថា ស្របពេលដែលកូរ៉េខាងជើង ហាក់បើកទ្វារធ្វើចំណងមិត្តភាពលើឧបទ្វីបកូរ៉េប្រសើរឡើងនោះ ប្រទេសកុម្មុយនិស្តនេះ ក៏បានបន្តច្រានចោលកិច្ចប្រឹងប្រែងការទូតពីអាមេរិក ជាទង្វើមួយដែលអ្នកវិភាគមើលឃើញថា ជាកិច្ចប្រឹងប្រែងជំរុញឲ្យមានការចរចាគ្នារវាងទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន ដើម្បីស្រង់យកសម្បទាន៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top