ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះ ឈ្លបយកការណ៍របស់អាមេរិក លើសមុទ្រខ្មៅ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី Su-30 មួយគ្រឿងបានព្យាយាម ស្ទាក់ចាប់យន្តហោះឈ្លប យកការណ៍របស់សហរដ្ឋអាមេរិក នៅលើសមុទ្រខ្មៅ។

“ប្រព័ន្ធត្រួតពិនិត្យដែនអាកាស របស់រុស្ស៊ីបានរកឃើញគោលដៅ ដែលកំពុងខិតជិតព្រំដែនរដ្ឋ លើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ។ យន្តហោះចម្បាំង Su-30 មកពីកងកម្លាំងការពារ ដែនអាកាសនៃតំបន់យោធា ភាគខាងត្បូងត្រូវបានប្រដេញ ដើម្បីកំណត់អត្តសញ្ញាណវា និងការពារការរំលោភព្រំដែនរដ្ឋ នេះបើតាមសេវាផ្សាយ Zvezda របស់ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ។

យន្តហោះចម្បាំង បានអមដំណើរយន្តហោះបរទេស ដែលត្រូវបានកំណត់ថា ជាយន្តហោះឈ្លបយកការណ៍ P-8A របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានឲ្យដឹងថា នៅពេលដែលយន្តហោះអាមេរិក បានងាកចេញពីព្រំដែនរុស្ស៊ី យន្តហោះ Su-30 បានវិលត្រឡប់មកអាកាស យានដ្ឋានវិញដោយសុវត្ថិភាព ដោយបន្ថែមថាមិនមានការ រំលោភលើព្រំដែនរដ្ឋនោះទេ។

គួរបញ្ជាក់ថា ការហោះហើរ របស់យន្តហោះចម្បាំងរុស្ស៊ីនេះ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ទៅតាមច្បាប់អាកាសអន្តរជាតិ ភាគច្រើននៃការរំលោភ លើដែនអាកាសរុស្ស៊ី គឺជាយន្ដហោះអាមេរិក ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top