ព័ត៌មានអន្តរជាតិ

តុលាការរុស្ស៊ី ទះកំផ្លៀង ក្រុមហ៊ុន Google និង Meta ដោយពិន័យ ជាប្រាក់រាប់លានដុល្លារ

មូស្គូ ៖ តុលាការក្រុងមូស្គូបានពិន័យក្រុមហ៊ុន Google ជិត ១00 លានដុល្លារ និងពិន័យ ជាប្រាក់ដល់ក្រុមហ៊ុន មេរបស់ Facebook Meta ចំនួនទឹកប្រាក់ ២៧ លានដុល្លារ ចំពោះការខកខានរបស់ពួកគេ ក្នុងការលុបមាតិកា ដែលហាមឃាត់ ដោយ ច្បាប់ក្នុងស្រុក ខណៈរុស្ស៊ីព្យាយាម បង្កើនសម្ពាធលើក្រុមហ៊ុន បច្ចេកវិទ្យាយក្ស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

តុលាការស្រុក Tagansky បានសម្រេចថា Google បានធ្វេសប្រហែសម្តង ហើយម្តងទៀត ក្នុងការដកចេញនូវមាតិកាហាមឃាត់ ហើយបានបញ្ជា ឲ្យក្រុមហ៊ុនបង់ប្រាក់ ពិន័យរដ្ឋបាលប្រហែល ៧,២ ពាន់ លានរូប្ល (ប្រហែល ៩៨,៤ លានដុល្លារ) ។ Google បាននិយាយថា ខ្លួននឹងសិក្សា ឯកសារតុលាការ មុនពេលសម្រេចចិត្ត លើជំហានបន្ទាប់របស់វា ។

ក្រោយមក កាលពីថ្ងៃសុក្រ តុលាការក៏បានពិន័យ ជាប្រាក់ជិត ២ ពាន់លានរូប្ល (២៧.២ លានដុល្លារ) លើ Meta សម្រាប់ការខកខាន ក្នុងការលុប មាតិកាហាមឃាត់ ។ តុលាការរុស្ស៊ីពីមុនបានដាក់ការផាក ពិន័យតិចតួច នៅលើ Google, Facebook និង Twitter ក្នុងឆ្នាំនេះ ហើយការសម្រេច កាលពីថ្ងៃសុក្របានកត់សម្គាល់ជាលើកដំបូង ដែលទំហំនៃការផាកពិន័យ ត្រូវបានគណនាដោយ ផ្អែកលើប្រាក់ចំណូល ។

អ្នកឃ្លាំមើលទំនាក់ទំនង រដ្ឋរុស្ស៊ី Roskomnadzor បាននិយាយថា Google និង Meta ត្រូវបានចោទប្រកាន់ជា ពិសេសពីបទរំលោភ លើការហាមប្រាម លើការចែកចាយ ខ្លឹមសារ ដែលលើកកម្ពស់ មនោគមវិជ្ជាជ្រុលនិយម ប្រមាថដល់ជំនឿសាសនា និងលើកទឹកចិត្តឲ្យមាន អាកប្បកិរិយា ប្រកបដោយគ្រោះថ្នាក់ ដោយអនីតិជន ក្នុងចំណោមរបស់ផ្សេងៗទៀត ។

ទីភ្នាក់ងារនេះបាននិយាយ ថា Facebook និង Instagram បានបរាជ័យ ក្នុងការលុបធាតុចំនួន ២,000 ទោះបីជាមានការស្នើសុំ របស់តុលាការឲ្យធ្វើដូច្នេះ ក៏ដោយ ខណៈ Google បានបរាជ័យក្នុងការ លុបធាតុចំនួន ២,៦00 ៕ដោយ៖លី ភីលីព

Most Popular

To Top