ព័ត៌មានអន្តរជាតិ

របាយការណ៍៖ កម្មវិធីបាញ់មីស៊ីល របស់កូរ៉េខាងជើង ដំណើរការបានតាមរយៈ ការលួចរូបិយប័ណ្ណឌីជីថល តាមអ៊ីនធើរណេត

បរទេស៖ ទូរស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) បានឲ្យដល់ប្រព័ន្ធផ្សព្វផ្សាយថា ការវាយប្រហារតាមអ៊ីនធឺណិត របស់កូរ៉េខាងជើង បានលួចលុយរូបិយប័ណ្ណឌីជីថល រាប់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់កម្មវិធី មីស៊ីលរបស់ប្រទេសនេះ ។

អ្នកស៊ើបអង្កេតបានរកឃើញថា ចន្លោះឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១ អ្នកវាយប្រហារតាមអ៊ីនធើរណេត បានលួចទ្រព្យសម្បត្តិឌីជីថល លើសពី ៥០លានដុល្លារ ។

ពួកគេបានឲ្យដឹងថា ការវាយប្រហារបែបនេះគឺជា “ប្រភពចំណូលដ៏សំខាន់” សម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង របស់ក្រុងព្យុងយ៉ាង។

ការរកឃើញនេះត្រូវបានគេរាយការណ៍ថា បានប្រគល់ទៅឱ្យគណៈកម្មាធិការ ដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិកាលពីថ្ងៃសុក្រ ។

ការវាយប្រហារតាមអ៊ីនធើរណេត បានកំណត់គោលដៅយ៉ាងហោចណាស់ ការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលចំនួន៣ នៅអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី ។

របាយការណ៍នេះក៏បាន យោងទៅលើការសិក្សាដែល បានចេញផ្សាយកាលពីខែមុន ដោយក្រុមហ៊ុនសន្តិសុខ Chainalysis ដែលបានលើកឡើងថា ការវាយប្រហារតាមអ៊ីនធើរណេត របស់កូរ៉េខាងជើង អាចទទួលបានទ្រព្យសម្បត្តិឌីជីថល ដែលមានតម្លៃដល់ទៅ ៤០០លានដុល្លារកាលពីឆ្នាំមុន ។

នៅឆ្នាំ២០១៩ អង្គការសហប្រជាជាតិ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានប្រមូលប្រាក់ប្រមាណ ២ពាន់លានដុល្លារ សម្រាប់កម្មវិធីអាវុធប្រល័យលោក របស់ខ្លួនដោយប្រើការវាយប្រហារ តាមអ៊ីនធើរណេតដ៏ទំនើប ។

កូរ៉េខាងជើង ត្រូវបានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហាមឃាត់មិនឲ្យធ្វើតេស្តនុយក្លេអ៊ែរ និងបាញ់មីស៊ីលផ្លោងឡើយ ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ទោះបីជាមានទណ្ឌកម្ម យ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏កូរ៉េខាងជើងអាចបន្តអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនបានដែរ ។

ប្រទេសនេះក៏បានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹងនៅបរទេស រួមទាំងតាមរយៈមធ្យោបាយអ៊ីនធើរណេត និងការស្រាវជ្រាវវិទ្យាសាស្ត្ររួមគ្នាផងដែរ ។

ក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្ម បានលើកឡើងថា មាន “ការបង្កើនល្បឿនគួរឱ្យកត់សម្គាល់” នៃការសាកល្បងមីស៊ីល ដោយក្រុងព្យុងយ៉ាង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top