ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមហួធី បាញ់មីស៊ីល ជាច្រើនគ្រាប់បណ្តាល ឲ្យស្លាប់យោធា របស់ស៊ូដង់ អស់តិចបំផុត ១០នាក់

អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នំា២០២២ថា ក្រុម ហួធី (Houthi) របស់យេម៉ែន បានបាញ់មីស៊ីលផ្លោង ប្រឆាំងនឹងមូលដ្ឋានយោធា នៃក្រុមចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត នៅក្នុងខេត្ត Hajjah ភាគពាយ័ព្យ របស់ប្រទេស កាលពីថ្ងៃពុធ ដោយបានសម្លាប់យោធារបស់ស៊ូដង់អស់១០នាក់ នេះបើតាមមន្ត្រីយោធាម្នាក់ បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួរ ។

ប្រភពយោធាក្នុងតំបន់ បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “គ្រាប់មីស៊ីលបានវាយប្រហារ អង្គភាពរបស់កងទ័ពស៊ូដង់ ដែលជាផ្នែកមួយ នៃកងទ័ពចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅក្នុងខេត្ត Hajjah ជិតព្រំដែនជាមួយអារ៉ាប៊ីសាអូឌីត” ។

ប្រភពយោធាក្នុងតំបន់បានឲ្យដឹងថា “យោធារបស់ស៊ូដង់សរុបចំនួន១០នាក់ត្រូវបានសម្លាប់ និងជាង២៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងស្រុក Hajjah នៃក្រុង Midi “ ។

គេបានដឹងថា យោធារបស់ស៊ូដង់ កំពុងគាំទ្រកងកម្លាំងរដ្ឋាភិបាលយេម៉ែន នៅក្នុងប្រតិបត្តិការយោធា ដែលកំពុងបន្តធ្វើឡើងប្រឆាំងនឹងក្រុមហួធី នៅតំបន់ភាគខាងជើង នៃប្រទេសអារ៉ាប់ដែលបំផ្លិចបំផ្លាញ ដោយសង្រ្គាម ។

ទន្ទឹមនឹងនេះដែរ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ខ្លួនបានធ្វើការវាយប្រហារ តាមអាកាសលើសពី១៨ដង ប្រឆាំងនឹងទីតាំងដែលកាន់កាប់ដោយក្រុម ហួធី នៅទីក្រុង Hajjah របស់ប្រទេសយេម៉ែន ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top