ព័ត៌មានអន្តរជាតិ

ថ្ងៃនេះកូរ៉េខាងត្បូង មានករណីឆ្លងជំងឺកូវីដ-១៩ ជាង១៩ម៉ឺនករណី

សេអ៊ូល ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៩៨,៨០៣ករណីគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃពុធ បើធៀបនឹងរយៈពេល ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នក ឆ្លងសរុបដល់ ១,៦៩១,៤៨៨ករណី នេះបើតាមអាជ្ញាធរសុខាភិបាល ។

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃបានធ្លាក់ចុះ ពីកម្រិតខ្ពស់បំផុតចំនួន ២១៩,២៤០ករណី នៅថ្ងៃមុន ប៉ុន្តែវានៅខ្ពស់ប្រហែល ២០ម៉ឺនករណីដដែល នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) ។

ការងើបឡើងវិញនាពេលថ្មីៗនេះ ត្រូវបានជំរុញដោយការឆ្លងនៅក្នុងតំបន់ទីក្រុងសេអ៊ូល ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័ស នៃទម្រង់ឆ្លងអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្នុងចំណោមករណីថ្មី មាន ៤៣,៦៧៥ នាក់ជាអ្នករស់នៅទីក្រុងសេអ៊ូល ។ ចំនួនអ្នកឆ្លងថ្មី ដែលរស់នៅក្នុងខេត្ត Gyeonggi និងទីក្រុងកំពង់ផែភាគខាងលិច Incheon មានចំនួន ៥១,៩៤១ករណី និង ១៥,៩៦៤ករណី រៀងគ្នា។

មេរោគនេះ ក៏រីករាលដាល នៅក្នុងតំបន់ មិនមែន ទីប្រជុំជនផងដែរ។ ចំនួននៃការឆ្លងថ្មីនៅក្នុងតំបន់មិនមែនរាជធានីគឺមានចំនួន ៨៧,១៦៩ករណី ឬ ៤៣,៩ ភាគរយនៃការឆ្លងក្នុងស្រុកសរុប៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top