បន្ទាប់ពីចាប់ផ្តើម ចូលឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានឈប់ជិះឡានអាល្លឺម៉ង់ Mercedes-Benz S 600 Pullman Guard ហើយងាកមកជិះឡាន Aurus Senat L700 ដែលគេស្គាល់ថា ជា Rolls Royce របស់រុស្ស៊ី ។
រថយន្ត Aurus Senat L700 ត្រូវបានបញ្ជាក់ថា បំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត ពិសេសតួខ្លួន និងកញ្ចក់វាអាចការពារគ្រាប់កាំភ្លើងបាន ហើយពេលវាលិចទឹក គឺអាចអណ្តែតឡើងមកលើវិញបានទៀតផង ។
លើសពីនេះ សូម្បីតែសម្បកកង់រថយន្តនេះធ្វើឡើង ពីសារធាតុពិសេស ក៏មិនបែកធ្លុះធ្លាយធ្វើឱ្យក្រឡាប់រថយន្តដែរ ទោះជាគ្រាប់កាំភ្លើងបាញ់ត្រូវក៏ដោយ។
រថយន្តនេះ ត្រូវបានលក់ជាសាធារណៈក្នុងប្រទេសរុស្ស៊ី ដែលអតិថិជនគោលដៅ គឺជាអ្នកជំនួញ និងមន្រ្តីរដ្ឋាភិបាល ប៉ុន្តែមុខងារសុវត្ថិភាពពិសេសគឺបំពាក់លើរថយន្តរបស់ប្រធានាធិបតី ពូទីន តែប៉ុណ្ណោះ ។
ដោយសារតែភាពរឹងមាំខ្លាំង រថយន្ត Aurus Senat L700 មានប្រវែងស្ទើរជិត ៧ម៉ែត្រ និងមានទម្ងន់ ៦តោន។ ទម្ងន់របស់វា ក៏ដោយសារតែការបំពាក់ម៉ាស៊ីនធំស៊ីឡាំង៨ ចំណុះ ៤,៤លីត្រ ផលិតបានកម្លាំង ៥៩០សេះ ជាមួយប្រអប់លេខអូតូ៩វគ្គ ប៉ុង២។
យោងតាមសារព័ត៌មានរុស្ស៊ី ឱ្យដឹងថា លោក ពូទីន មានរថយន្តនេះ២គ្រឿង ដោយមួយគ្រឿងសម្រាប់ជិះទៅ បំពេញការងារប្រចាំថ្ងៃ និងមួយគ្រឿងទៀតសម្រាប់ធ្វើជារថយន្តសាគួរ។ ពូទីន ក៏នាំយករថយន្តនេះទៅជាមួយ ពេលធ្វើទស្សនកិច្ចនៅក្រៅប្រទេសផងដែរ ។
គួររំលឹកដែរថា រថយន្ត Aurus Senat បានបង្ហាញខ្លួនផ្លូវការនៅអឺរ៉ុប ក្នុងពិព័រណ៌ Geneva Motor Show កាលពីឆ្នាំ២០១៩ ។ រហូតដល់ឆ្នាំ២០២១កន្លងទៅ បានចូលរោងចក្រផលិតជាផ្លូវការ ក្នុងចំនួនកំណត់ ប្រមាណ ២០០ ទៅ ៣០០គ្រឿងប៉ុណ្ណោះ ។ រថយន្តនេះ គឺមានតម្លៃចាប់ពីប្រហែល ២៤៥ ០០០ដុល្លារ នៅក្នុងប្រទេសរុស្ស៊ី ។ វាចែកចេញជា ២ម៉ូដែល គឺ Senat L700 ដែលផលិត សម្រាប់តែមន្ត្រីរុស្ស៊ី និងអ្នកជំនួញ និងម៉ូដែល Senat S600 សម្រាប់អតិថិជនធម្មតា ៕