ព័ត៌មានអន្តរជាតិ

ណាតូ គ្រោងពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយដៃគូក្នុងតំបន់អាស៊ី ក្នុងពេលនៃការកើនឡើង បញ្ហាប្រឈមផ្នែក សន្តិសុខ ដែលមកពីចិន

បរទេស ៖ អង្គការ ណាតូ គ្រោងនឹងពង្រឹង កិច្ចសហប្រតិបត្តិការ របស់ខ្លួនជាមួយដៃគូ ក្នុងតំបន់អាស៊ី ជាការឆ្លើយតបទៅ នឹងការកើនឡើងនៃ “បញ្ហាប្រឈម ផ្នែកសន្តិសុខ” ដែលមកពីប្រទេសចិន ដែលបដិសេធមិនថ្កោលទោសប្រតិបត្តិការយោធា ដែលកំពុងបន្ត របស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន ។ នេះបើតាមអគ្គលេខាធិការប្លុក ដែលដឹកនាំដោយ សហរដ្ឋអាមេរិក លោក Jens Stoltenberg បានបង្ហាញក្នុងសន្និសីទ សារព័ត៌មានស្តីពី ថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Jens Stoltenberg បានប្រកាសថា ប្លុកនេះនឹង ធ្វើជាម្ចាស់ផ្ទះ ទទួលរដ្ឋមន្ត្រីការបរទេស មកពីរដ្ឋជាសមាជិក ក៏ដូចជាហ្វាំងឡង់ ស៊ុយអែត ហ្សកហ្ស៊ី និងសហភាពអឺរ៉ុប ។ ទោះជាយ៉ាងណា ក៏ដោយ មន្ត្រីដែលមានដើមកំណើត ន័រវេសរូបនេះ ក៏បានកត់សម្គាល់ផងដែរថា ដៃគូអាស៊ីប៉ាស៊ីហ្វិក របស់ខ្លួន ដូចជា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបានអញ្ជើញផងដែរ ដោយបញ្ជាក់ថា វិបត្តិសន្តិសុខបច្ចុប្បន្នមាន “ផលប៉ះពាល់ជាសកល” ។

រដ្ឋមន្ត្រីនានា នឹងពិភាក្សាអំពីគោលគំនិត យុទ្ធសាស្ត្រថ្មីដែលនឹងគិតគូរដល់ជម្លោះយោធាក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែក៏នឹងរួមបញ្ចូល ជាលើកដំបូងផងដែរ នូវបញ្ហានៃ “ការរីកលូតលាស់នៃឥទ្ធិពល និងគោលនយោបាយបង្ខិតបង្ខំ របស់ចិននៅលើឆាកពិភពលោក ដែលបង្កបញ្ហាជាប្រព័ន្ធដល់សន្តិសុខ និងលទ្ធិប្រជាធិបតេយ្យរបស់យើង” ។

លោក Stoltenberg បានបន្ថែមថា “យើងឃើញថា ប្រទេសចិន មិនមានឆន្ទៈក្នុងការថ្កោលទោស ការឈ្លានពានរបស់រុស្ស៊ី ហើយបានចូលរួមជាមួយទីក្រុងម៉ូស្គូ ក្នុងការសាកសួរសិទ្ធិ របស់ប្រជាជាតិក្នុង ការជ្រើសរើសផ្លូវ របស់ពួកគេ” ដោយជំរុញឱ្យលទ្ធិប្រជាធិបតេយ្យ ត្រូវតែក្រោកឈរឡើង សម្រាប់តម្លៃរបស់ពួកគេ ប្រឆាំងនឹង “អំណាចផ្តាច់ការ” ។

យោងតាម Freedom House ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សមាជិកចំនួន 5 ក្នុងចំណោម សមាជិក 30 របស់ណាតូ មិនត្រូវបានចាត់ទុកថា ជាប្រទេសប្រជាធិបតេយ្យពេញលេញនោះទេ រួមមានប្រទេសតួកគី ហុងគ្រី អាល់បានី North Macedonia & Montenegro៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top