ព័ត៌មានអន្តរជាតិ

Updated៖ អ៊ីតាលី អះអាងថា ខ្លួនអាចឯករាជ្យទាំងស្រុង ចំពោះការនាំចូលឧស្ម័នពី រុស្ស៊ី

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ីតាលី “អាចចាប់ផ្តើមឯករាជ្យស្ទើរតែទាំងស្រុង” នៃការនាំចូលឧស្ម័នពីរុស្ស៊ី នៅពាក់កណ្តាលទី២នៃឆ្នាំ២០២៣ នេះបើតាមការដកស្រង់ការផ្សាយចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃព្រហស្បតិ៍ ដោយលោក Roberto Cingolani រដ្ឋមន្ត្រីក្រសួងអន្តរកាលអេកូឡូស៊ី របស់ប្រទេសអ៊ីតាលី បានថ្លែងដូច្នេះ ។

ការិយាល័យរបស់លោក Cingolani បានបញ្ជាក់ពីការកត់សម្គាល់របស់រដ្ឋមន្ត្រី នៅក្នុងកាសែតអ៊ីតាលី La Stampa នៅពេលទាក់ទងដោយទីភ្នាក់ងារ ស៊ិនហួ ។

នោះនឹងក្លាយជាការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ប្រទេសអ៊ីតាលី ដែលបាននាំចូលច្រើនជាង៤០ភាគរយនៃការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួនពីប្រទេសរុស្ស៊ី នៅមុនពេលមានវិបត្តិអ៊ុយក្រែន។

រួមជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត អ៊ីតាលី បានចេញទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងរុស្ស៊ី សម្រាប់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ ប៉ុន្តែរបបដាក់ទណ្ឌកម្មមិនរាប់បញ្ចូលការនាំចូលឧស្ម័ននោះទេ ។

នៅក្នុងសុន្ទរកថារបស់គាត់ លោក Cingolani បានលើកឡើងថា រដ្ឋាភិបាលនឹងកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ដោយបង្កើនការនាំចូលពីអ្នកផ្គត់ផ្គង់ដែលមានស្រាប់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នថ្មី និងការបង្កើនសមត្ថភាពរបស់ប្រទេសសម្រាប់ការកែច្នៃឡើងវិញ ដែលជាដំណើរការបំប្លែងឧស្ម័នធម្មជាតិរាវត្រឡប់ទៅជាទម្រង់ឧស្ម័នដែលអាចប្រើប្រាស់បាន ។

នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នជាមួយអាល់ហ្សេរី ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នតូចៗជាមួយប្រទេស អេហ្ស៊ីប សាធារណរដ្ឋកុងហ្គោ និងអង់ហ្គោឡា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top