ព័ត៌មានអន្តរជាតិ

Update៖ ជំនួបរវាង លោកប្រធានាធិបតីអ៊ុយក្រែន និងអគ្គលេខាធិការ UN ផ្តោតសំខាន់ លើការជម្លៀសពលរដ្ឋ ចេញពីក្រុង Mariupol

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងអគ្គលេខាធិការអង្គការ សហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាគ្នា អំពីការជម្លៀសប្រជាជន ចេញពីទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធ ។

អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សាបន្ទាន់ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុង Mariupol ហើយសង្ឃឹមថា ការចូលរួមរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក្នុងបេសកកម្មនេះនឹងជួយដល់ កិច្ចខិតខំប្រឹងប្រែងជម្លៀសនេះ លោក Zelensky បានប្រាប់ដល់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ ។

លោក Zelensky បានថ្លែងថា “យើងឃើញថា ទោះបីជាមានពាក្យសម្តី របស់ប្រធានាធិបតីរុស្ស៊ី លោក ប្លាឌីមៀ ពូទីន អំពីការបញ្ឈប់អរិភាព ក្នុងទីក្រុង Mariupol ក៏ដោយ ទឹកដីនៃរោងចក្រដែក Azovstal គឺស្ថិតនៅក្រោមការ ទម្លាក់គ្រាប់បែកយ៉ាងព្រៃផ្សៃ ដោយកងទ័ពរុស្ស៊ី” ដដែល ។

លោកក៏បានអំពាវនាវផងដែរ ដល់ប្រមុខអង្គការសហប្រជាជាតិ ឱ្យខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ “ការនិរទេស” ពលរដ្ឋអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី និងបញ្ជូនជនជាតិអ៊ុយក្រែន ត្រឡប់ទៅប្រទេសកំណើតវិញ ពីប្រទេសរុស្ស៊ី ។

សម្រាប់ការមកកាន់អ៊ុយក្រែននេះរបស់គាត់ លោក Guterres បានថ្លែងថា គាត់កំពុងប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីជួយសង្គ្រោះប្រជាជននៅក្រុង Mariupol ។

អគ្គលេខាធិការអង្គការ សហប្រជាជាតិបានថ្លែងថា “យើងនឹងបន្តអំពាវនាវ ឱ្យមានបទឈប់បាញ់ពេញលេញ ក៏ដូចជាវិធានការជាក់ស្តែងភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយការឈឺចាប់របស់មនុស្ស” ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top