យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Tesla បានចុះបញ្ជីជាផ្លូវការ នៅក្នុងប្រទេសថៃ ដោយវានឹងលក់ រថយន្តដឹកអ្នកដំណើរ, រថយន្តភីកអាប់ និង រថយន្តពាណិជ្ជកម្មធុនស្រាល ផងដែរ។

ដំណឹងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីឯកសារនៃការចុះបញ្ ជីរបស់ Tesla ជាមួយក្រសួងពាណិជ្ជកម្មថៃ ត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។


យោងតាមឯកសារខាងលើ ក្រុមហ៊ុន Tesla Thailand បានចុះបញ្ជីសម្រាប់ការលក់ រថយន្តដឹកអ្នកដំណើរ, រថយន្តភីកអាប់ និង រថយន្តដឹកទំនិញធុនស្រាល ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានព័ត៌មាន អ្វីច្រើនទៀតនោះទេអំពីវា។
យ៉ាងណាមិញ វាក៏ជាដំណឹងល្អមួយ សម្រាប់ប្រជាពលរដ្ឋថៃ ដែលចង់ជិះរថយន្ត Tesla ផងដែរ ព្រោះថាបច្ចុប្បន្ននេះ រថយន្ត Tesla ដែលដាក់លក់នៅថៃ គឺត្រូវបាននាំចូលដោយឈ្មួញឯកជន ជាមួយនឹងតម្លៃពន្ធថ្លៃ ធ្វើឲ្យរថយន្តមានតម្លៃខុសគ្នា ៣ ដង បើប្រៀបធៀបជាមួយតម្លៃ នៅសហរដ្ឋអាមេរិក។
មិនតែប៉ុណ្ណោះ គេបានរំពឹងថា ប្រសិនបើ Tesla បើក showroom និង លក់រថយន្តដោយខ្លួនឯង នោះវាអាចកាត់បន្ថយតម្លៃរថយន្ត Tesla នៅថៃ បាន ៥០% ឯណោះ ហើយវានឹងអាចប្រកួតប្រជែង ជាមួយនឹងរថយន្តចិន និងជប៉ុន នៅក្នុងទីផ្សារមួយនេះបានទៀតផង៕ Source: Sabay
