ព័ត៌មានអន្តរជាតិ

រដ្ឋ Ohio នៅអាមេរិក នឹងអនុញ្ញាតឱ្យគ្រូបង្រៀន អាចកាន់អាវុធបាន

បរទេស៖ លោក Mike DeWine អភិបាលរដ្ឋ Ohio របស់សហរដ្ឋអាមេរិក បាននិយាយថា លោកនឹងចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យគ្រូបង្រៀន និងមនុស្សពេញវ័យផ្សេងទៀត នៅក្នុងសាលារៀន មានអាវុធ ដរាបណាពួកគេ បញ្ចប់ការហ្វឹកហ្វឺន ជាមួយនឹងអាវុធរហូតដល់ 24 ម៉ោង។ សេចក្តីព្រាងច្បាប់ នេះត្រូវបានអនុម័ត នៅសប្តាហ៍នេះដោយព្រឹទ្ធសភារដ្ឋ Ohio បន្ទាប់ពីមានការបាញ់ប្រហារ ដ៏សាហាវជាបន្តបន្ទាប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា បច្ចុប្បន្ននេះ ដើម្បីកាន់អាវុធបាន គឺគ្រូបង្រៀនត្រូវតែក្លាយជាមន្ត្រីសន្តិភាព ដោយត្រូវឆ្លងកាត់ ការបណ្តុះបណ្តាល ជាមធ្យមជាង ៧០០ ម៉ោង។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់ ដែលបានអនុម័តនាពេលថ្មីៗនេះ នឹងកាត់បន្ថយតម្រូវការនោះច្រើនជាង 95%។ នេះបើយោងតាម News 5 Cleveland ។

លោក DeWine បាននិយាយថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរចនាឡើងដើម្បី “ដកចេញកម្មវិធីសិក្សារាប់រយម៉ោង ដែលមិនទាក់ទងនឹងសុវត្ថិភាពសាលារៀន និងដើម្បីធានាថាតម្រូវការបណ្តុះបណ្តាល គឺជាក់លាក់ចំពោះបរិយាកាស សាលារៀន និងមានការបណ្តុះបណ្តាល ផ្អែកលើសេណារីយ៉ូសំខាន់ៗ” ។

លោកអភិបាលបានអះអាងថា ច្បាប់នេះនឹងការពារទាំងសិស្ស និងគ្រូបង្រៀន។ សេចក្តីព្រាងច្បាប់នេះមិនហាមឃាត់ សាលារៀនពីការតម្រូវ ឱ្យមានការហ្វឹកហ្វឺនបន្ថែម ដើម្បីកាន់អាវុធ ឬពីការជ្រើសរើស មិនអោយមានមនុស្សប្រដាប់អាវុធ នៅបរិវេណសាលាទាំងស្រុងនោះទេ។ អាវុធទាំងនោះនឹងត្រូវទទួលការ ត្រួតពិនិត្យប្រវត្តិបទឧក្រិដ្ឋ ជារៀងរាល់ឆ្នាំ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top