ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ចោទសួរអាមេរិកដែលពង្រីកវត្តមានយោធាកាន់តែច្រើន នៅក្រិក

បរទេស៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានបង្ហាញពីការសង្ស័យលើតម្រូវការសម្រាប់សហរដ្ឋអាមេរិកក្នុងការពង្រីកវត្តមានយោធារបស់ខ្លួន នៅក្នុងប្រទេសក្រិក ចំណែកការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនវិញ បានឱ្យដឹងថា មូលដ្ឋានទ័ពរបស់ខ្លួនគឺចាំបាច់ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Erdogan បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងអង់ការ៉ាជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduroថា “បច្ចុប្បន្ន មូលដ្ឋានទ័ពអាមេរិកចំនួន ៩ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសក្រិក។ តើពួកគេត្រូវបានគេដាក់ពង្រាយប្រឆាំងនឹងនរណា? ពួកគេនិយាយថាប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែយើងនឹងមិនជឿនោះទេ” ។

សហរដ្ឋអាមេរិកបានរក្សាវត្តមានយោធាក្នុងប្រទេសក្រិកអស់រយៈពេលជាច្រើនទសវត្សរ៍។ មូលដ្ឋានទ័ពជើងទឹក Souda នៅលើកោះ Crete ដែលដើមឡើយត្រូវបានបង្កើតឡើងដោយចក្រភព Ottoman គឺជាមូលដ្ឋានតែមួយគត់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលអាចទទួលយកនាវាផ្ទុកយន្តហោះដ៏ធំបំផុតរបស់អាមេរិក។

នៅពេលដែលកិច្ចព្រមព្រៀងការពារទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងក្រិក ត្រូវបានបន្តកាលពីខែមុន មន្ទីរបញ្ចកោណត្រូវបានផ្តល់សិទ្ធិចូលទៅកាន់ទីតាំងយោធាបន្ថែមចំនួន៣ នៅលើដីគោកក្រិក ថែមទៀត៕

Most Popular

To Top