ព័ត៌មានអន្តរជាតិ

រុស្ស៊ី ធ្វើសមយុទ្ធនៅសមុទ្រ បាល់ទិក ដោយមានកប៉ាល់ និងយន្តហោះប្រហែល ១០០គ្រឿង ក្នុងពេលកំពុងបន្តសង្គ្រាម ជាមួយអ៊ុយក្រែន

បរទេស ៖ កប៉ាល់រុស្ស៊ីរាប់សិបគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ បានចូលរួមក្នុងសមយុទ្ធយោធា នៅសមុទ្របាល់ទិកយុទ្ធសាស្ត្រ បន្ទាប់ពីប្រទេស ស៊ុយអែត និង ប្រទេសហ្វាំងឡង់ ដែលថ្មីៗនេះបានប្រកាសប៉ុនប៉ង ចង់ចូលរួមជាមួយអង្គការណាតូ ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយ នៅថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់នៃកងនាវាបាល់ទិក របស់ខ្លួននឹង “បំពេញការងារហ្វឹកហ្វឺន សម្រាប់ការពារផ្លូវសមុទ្រ និងមូលដ្ឋានកងនាវា” ។

សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងទៀតថា នាវាចំនួន 60 គ្រឿង និងយន្តហោះចំនួន 40 គ្រឿង បានចូលរួមក្នុងសមយុទ្ធ ដែលនឹងធ្វើឡើងនៅលើគោកផងដែរ នៅឯកន្លែងហ្វឹកហាត់ក្នុងរង្វង់នៃ Kaliningrad របស់រុស្ស៊ី ។

សមយុទ្ធកងទ័ពជើងទឹក ធ្វើឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងអង្គការណាតូ បន្ទាប់ពីប្រទេស ស៊ុយអែត និងហ្វាំងឡង់ បានដាក់សំណើរបស់ពួកគេ ដើម្បីចូលរួមសម្ព័ន្ធភាពយោធា ដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ យោធា របស់រុស្ស៊ី នៅអ៊ុយក្រែន ។

ប្រសិនបើសមាជិកភាពរបស់ពួកគេ – ដែលត្រូវបានរារាំង ដោយប្រទេសតួកគី ត្រូវបានអនុម័ត នោះប្រទេសរុស្ស៊ី នឹងក្លាយជាប្រទេសតែមួយគត់ ដែលមិនមែនជាអង្គការណាតូ នៅលើសមុទ្របាល់ទិក ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top