ព័ត៌មានអន្តរជាតិ

ការពង្រីករបស់ណាតូ នឹងមិនធ្វើឲ្យអឺរ៉ុប និងពិភពលោក មានសុវត្ថិភាពឡើយ

បរទេស៖ ការពង្រីកទៅទិសខាងកើត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងមិនធ្វើឱ្យអឺរ៉ុប ឬពិភពលោកមានសុវត្ថិភាពនោះទេ នេះបើតាមអ្នកវិភាគនយោបាយ ក្រូអាត Zarko Puhovski បានប្រាប់ស៊ីនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះ។

លោក Puhovski បានលើកឡើងថា ការពង្រីករបស់ណាតូ និងប្រតិកម្មខ្លាំងរបស់រុស្សី ជាប់ពាក់ព័ន្ធនឹង “ព្រំដែនដ៏វែងឆ្ងាយ និងមិនរាក់ទាក់” ដែលអាចបង្កឱ្យមានជម្លោះជាយថាហេតុ។

លោកបានពន្យល់ថា ការពង្រីករបស់ណាតូ នឹងបម្រើដល់ការពង្រឹងអ្វីដែលគេហៅថា “គោលនយោបាយទប់ស្កាត់” នៅលើពិភពលោក ដែលប្លុកមួយកំពុងរុញច្រាន ប្រឆាំងនឹងមួយផ្សេងទៀត ហើយដែលនាំឱ្យមាន ការប្រតិកម្មខ្លាំង។

លោកបានបន្ថែមថា សម័យសង្រ្គាមត្រជាក់ ត្រូវបានសម្គាល់ដោយជម្លោះ មនោគមវិជ្ជា ប៉ុន្តែជម្លោះនាពេលបច្ចុប្បន្ននេះ គឺជាភូមិសាស្ត្រនយោបាយ។ តាមគំនិតរបស់លោក Puhovski ការពង្រីកជាបន្តរបស់ណាតូ និងការបង្កហេតុ ជាបន្តបន្ទាប់បានជំរុញ ឱ្យរុស្ស៊ីចាត់វិធានការយោធា ប្រឆាំងនឹងអ៊ុយក្រែន។

លោក Puhovski បានកត់សម្គាល់ថា គោលបំណងជាមូលដ្ឋាន នៃការពង្រីករបស់អង្គការណាតូ គឺដើម្បីឡោមព័ទ្ធរុស្ស៊ី ហើយការប្រឈមមុខដាក់គ្នារវាង NATO និងរុស្ស៊ីនាពេលបច្ចុប្បន្ននេះ គ្រាន់តែជាការបន្តនៃចិត្តគំនិត នៃសង្រ្គាមត្រជាក់ប៉ុណ្ណោះ បើទោះបីជារុស្ស៊ីបានទទួលយក ប្រព័ន្ធនយោបាយដូចគ្នា ទៅនឹងប្រទេសលោកខាងលិចក៏ដោយ ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top