បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើទីក្រុងគៀវ បញ្ជាឱ្យកងទ័ពរបស់ខ្លួន បញ្ឈប់អាវុធរបស់ពួកគេ ហើយបំពេញតាមការទាមទាររបស់ទីក្រុងមូស្គូ នោះជម្លោះរុស្ស៊ី-អ៊ុយក្រែនទាំងមូលអាចនឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃថ្ងៃនោះដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Peskov បាននិយាយដោយធ្វើអត្ថាធិប្បាយលើការអះអាងនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ថា ជម្លោះត្រូវតែបញ្ចប់មុនរដូវរងា ដោយលោក Peskov ថា “ភាគីអ៊ុយក្រែនអាចបញ្ឈប់អ្វីៗគ្រប់យ៉ាងមុនពេលចុងបញ្ចប់នៃថ្ងៃនេះ។ ត្រូវតែមានបញ្ជាឱ្យកងវរសេនាតូចជាតិនិយម និងទាហានអ៊ុយក្រែនដាក់អាវុធចុះ។ លោក Peskov បាននិយាយថា ការទាមទាររបស់រុស្ស៊ីក៏ត្រូវតែបំពេញបានដែរ” ។

លោក Peskov បានកត់សម្គាល់ថា “អ្វីៗផ្សេងទៀតគ្រាន់តែជាគំនិតរបស់ Zelensky” ដោយបន្ថែមថា ប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកំពុង ដំណើរការដូចដែលបានគ្រោង ទុកនិងសម្រេចបាននូវគោលដៅរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
