ព័ត៌មានអន្តរជាតិ

យុទ្ធសាស្ត្រថ្មីរបស់ណាតូ ដាក់ចេញនូវចេតនា របស់អាមេរិក ដែលជាមេដឹកនាំ នៃសម្ព័ន្ធភាពយោធា ដើម្បីញុះញង់ឱ្យមាន ការប្រឈមមុខដាក់គ្នា

វ៉ាស៊ីនតោន៖ ដោយបង្ហាញពីវោហាសាស្ត្រប្រឆាំងចិន គំនិតយុទ្ធសាស្ត្រថ្មីរបស់អង្គការណាតូ បានដាក់ចេញនូវចេតនា របស់សហរដ្ឋអាមេរិក ដែលជាមេដឹកនាំនៃសម្ព័ន្ធភាពយោធា ដើម្បីញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា ដោយបង្អាប់ប្រទេសដទៃទៀត និងកេងប្រវ័ញ្ចអង្គការ ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន នៅទូទាំងពិភពលោក។

មេដឹកនាំអង្គការណាតូ កាលពីថ្ងៃពុធបានអនុម័ត លើគោលគំនិតយុទ្ធសាស្ត្រឆ្នាំ២០២២ ដែលជាប្លង់មេ ដែលបង្ហាញពីការចាំបាច់ និងបញ្ហាប្រឈមសំខាន់ៗ សម្រាប់ទសវត្សរ៍ក្រោយ។ វាកំណត់ជំហររួមរបស់សម្ព័ន្ធភាព លើបញ្ហាប្រឈម ដែលកំពុងកើតឡើង ដោយហៅរុស្ស៊ីថាជា “ការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់” ចំពោះសន្តិសុខរបស់អង្គការណាតូ និងបានចោទប្រកាន់ ប្រទេសចិនថា បានបង្ក “បញ្ហាប្រឈមជាប្រព័ន្ធ” ជាលើកដំបូង។

ក្នុងនាមជាវត្ថុបុរាណនៃសង្រ្គាមត្រជាក់ អង្គការណាតូ ដែលគួរតែរំសាយតាំងពីយូរយារណាស់មកហើយនោះ បានក្លាយជាឧបករណ៍ងាយស្រួល សម្រាប់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ប្រទេសផ្សេងទៀត ជាពិសេសចិន និងរុស្ស៊ី។

វាច្បាស់ណាស់ថា ឯកសារថ្មីដែលគ្របដណ្តប់លើអាទិភាព និងគោលដៅរបស់សម្ព័ន្ធភាព សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ គឺពិតជាត្រូវបានបង្កើតឡើង ដើម្បីណែនាំណាតូអំពីរបៀបបម្រើ ដើម្បីរក្សាអនុត្តរភាពអាមេរិក នាពេលអនាគត។

ចេតនាបម្រើខ្លួនឯងបែបនេះ សមនឹងទទួលបាន ការប្រុងប្រយ័ត្នខ្ពស់ទាំងអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក។ តាមរយៈឯកសាររបស់អង្គការណាតូ ដែលបានធ្វើបច្ចុប្បន្នភាព សហរដ្ឋអាមេរិកបានព្យាយាមសម្រេចបាន នូវគោលដៅយុទ្ធសាស្ត្រចំនួនបី ដែលជំរុញឱ្យមាន ការប្រឈមមុខដាក់គ្នារវាងអឺរ៉ុប និងរុស្ស៊ី ដើម្បីបន្តធ្វើឱ្យរុស្ស៊ីមានវិបត្តិ។

ដោយជំរុញឱ្យអឺរ៉ុប ពង្រឹងការការពាររបស់ខ្លួន និងប្រើប្រាស់ធនធានរបស់អឺរ៉ុប ដើម្បីបន្ធូរបន្ថយសម្ពាធ លើវិស័យការពារជាតិអាមេរិកនៅអឺរ៉ុប និងបង្ខំឱ្យសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក រួមដៃគ្នាក្នុងការបង្ក្រាបចិន។

នេះបង្ហាញពីស្មារតីនៃសង្រ្គាមត្រជាក់ ដែលបានបង្កើតឡើងរបស់អាមេរិក ដែលអាស៊ី និងអឺរ៉ុបគឺជាសន្លឹកបៀភូមិសាស្ត្រ នយោបាយរបស់ប្រទេស ហើយមានតែតាមរយៈការបំផ្លាញទំនាក់ទំនង រវាងទ្វីបទាំងពីរប៉ុណ្ណោះ ទើបប្រទេសមហាអំណាចតែមួយគត់ របស់ពិភពលោក អាចរក្សាអនុត្តរភាពរបស់ខ្លួន។

ជាអកុសល ទោះបីជាណាតូ បានអះអាងម្តងហើយម្តងទៀតថា ទីតាំងរបស់ខ្លួនជាសម្ព័ន្ធមិត្ត ក្នុងតំបន់នៅតែមិនផ្លាស់ប្តូរ ប៉ុន្តែតាមពិតទៅវាបានប្រព្រឹត្តផ្ទុយពីនេះ។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធភាពបានចូលរួម ជាមួយសហរដ្ឋអាមេរិក ក្នុងការអនុវត្តយុទ្ធសាស្ត្រ បំបែកបំបាក់ចុងក្រោយ និងរបៀបវារៈប្រឆាំងចិន ដើម្បីជាប្រយោជន៍ ដល់ការត្រួតត្រារបស់លោកខាងលិច នៅក្នុងតំបន់។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សមាជិកណាតូមួយចំនួន ក៏បានធ្វើការជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីបញ្ជូនយន្តហោះ និងនាវាចម្បាំងទៅកាន់ដែនទឹក ដែលនៅជាប់គ្នារបស់ប្រទេសចិន សម្រាប់ប្រតិបត្តិការយោធា ក្នុងគោលបំណងបង្កភាពតានតឹង និងបង្កជម្លោះ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top