ព័ត៌មានអន្តរជាតិ

អាមេរិក ជឿជាក់ថាមិនទាន់ដល់ពេល ត្រូវពិភាក្សាស្វែងរកសន្តិភាព ជាមួយនឹងរុស្សីនៅឡើយ

បរទេស៖ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសថាមកដល់ពេលនេះ ពេលវេលាមួយ​ដើម្បីធ្វើការពិភាក្សា ដើម្បីសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវនៅមិនទាន់ ជាពេលវេលាសមស្រប នៅឡើយនោះទេ។

មន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការងារសន្តិសុខជាតិ លោក John Kirby បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត The Fox News ថាវាគឺជាពេលវេលា សម្រាប់អាមេរិក ក្នុងការបន្តជួយគាំទ្រ ទៅដល់ទីក្រុងគៀវនៅឡើយ ហើយគោលបំណង របស់វ៉ាស៊ិនតោន គឺដើម្បីធានាបានថាអ៊ុយក្រែនជោគជ័យ តាមអ្វីដែលពួកគេ ចង់បានជាមុនសិន។

ឆ្លើយតបបែបនេះទៅកាន់សំណួរ ដែលក្រុមអ្នកកាសែតបានសាកសួរថា តើពេលណាឬតើប្រធានាធិបតីលោក Joe Biden នឹងគួរតែជុំរុញឲ្យរុស្សី ក្នុងការងាកមកតុចរចាពិភាក្សា ដើម្បីសន្តិភាពដែរឬយ៉ាងណា។

លោក Kirby បានបន្តឆ្លើយទៀតថា៖ពួកយើងមិនចង់ឃើញ អ៊ុយក្រែនបរាជ័យ ទៅលើរុស្សីនោះទេ ដែលនេះជាហេតុអ្វីដែលយើងចាំបាច់ ត្រូវតែជួយដល់រដ្ឋាភិបាលក្រុងគៀវ ហើយបច្ចុប្បន្នអាមេរិក បានផ្តល់ជំនួយដល់អ៊ុយក្រែន សរុប៧ពាន់លានដុល្លារមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top