តេហរ៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍កាលពីថ្ងៃពុធថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ (IRGC) បានចាប់ខ្លួនឯកអគ្គរដ្ឋទូតរងអង់គ្លេស និងជនបរទេសផ្សេងទៀត ពីសកម្មភាព “ចារកម្ម” ដូចជាការប្រមូលសំណាកដីនៅតំបន់ហាមឃាត់ ។
យោងតាមវីដេអូដែលចេញផ្សាយដោយអង្គការស៊ើបការណ៍សម្ងាត់ IRGC បានកំណត់អត្តសញ្ញាណអ្នកការទូតមួយចំនួននៃស្ថានទូតបរទេស រួមទាំងឯកអគ្គរដ្ឋទូតរងអង់គ្លេស ដែលបាន “ធ្វើចារកម្ម” ជំនួសឱ្យការបំពេញបេសកកម្មការទូតរបស់ពួកគេ ។
របាយការណ៍បានដាក់ថា “ឯកអគ្គរដ្ឋទូតរងអង់គ្លេសបានទៅកាន់វាលខ្សាច់ Shahdad (នៅកណ្តាលប្រទេសអ៊ីរ៉ង់) ជាមួយគ្រួសាររបស់គាត់ក្នុងនាមជាអ្នកទេសចរ ប៉ុន្តែដូចរូបភាពដែលបានថតបង្ហាញ មនុស្សម្នាក់នេះកំពុងប្រមូលសំណាកដីនៅក្នុងតំបន់នេះ” ។
សារព័ត៌មានលោកខាងលិចបានកំណត់អត្តសញ្ញាណអ្នកការទូតអង់គ្លេសដែលត្រូវបានចាប់ខ្លួនថា ជា Giles Whitaker អនុប្រធានបេសកកម្មនៅស្ថានទូតអង់គ្លេសប្រចាំប្រទេសអ៊ីរ៉ង់ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យការិយាល័យការបរទេសរបស់ចក្រភពអង់គ្លេស បានឲ្យដឹងថា “របាយការណ៍នៃការចាប់ខ្លួនអ្នកការទូតអង់គ្លេសនៅអ៊ីរ៉ង់ គឺជារឿងមិនពិតទាំងស្រុង” ។
អ៊ីរ៉ង់ក៏បានកំណត់អត្តសញ្ញាណផងដែរ Maciej Walczak អ្នកវិទ្យាសាស្ត្រជនជាតិប៉ូឡូញដែលបានទៅលេងប្រទេសអ៊ីរ៉ង់ “ក្រោមការចោទប្រកាន់នៃការផ្លាស់ប្តូរវិទ្យាសាស្ត្រ” ជាអ្នកចាប់ខ្លួនម្នាក់ទៀតដោយនិយាយថា គាត់ក្នុងនាមជាអ្នកទេសចរបានទៅតំបន់ Shahdad ក្នុងខេត្ត Kerman ជាកន្លែងដែល IRGC កំពុងធ្វើតេស្តមីស៊ីល ។ នេះបើតាមរបាយការណ៍ IRNA។
របាយការណ៍បានដាក់ថា គាត់ និងដៃគូរបស់គាត់បានប្រមូលសំណាកដី ទឹក ថ្ម អំបិល និងភក់ពីតំបន់នៅជិតតំបន់សាកល្បងនោះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
