ព័ត៌មានអន្តរជាតិ

ភរិយាទី១ របស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី សហរដ្ឋអាមេរិក ទទួលមរណភាព ក្នុងវ័យ៧៣ឆ្នាំ

ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ្នកស្រី អ៊ីវ៉ាណា ត្រាំ (Ivana Trump) ដែលជាភរិយាទី១ និងជាម្តាយរបស់កូនច្បងទាំង៣ របស់លោក ដូណាល់ ត្រាំ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ក្នុងវ័យ៧៣ឆ្នាំ ។

លោកស្រី អ៊ីវ៉ាណា ត្រាំ “បានទទួលមរណភាព នៅផ្ទះរបស់គាត់នៅក្នុងទីក្រុងញ៉ូវយ៉ក” លោក ដូណាល់ ត្រាំ បានសរសេរនៅលើ វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម Truth Social របស់គាត់យ៉ាងដូច្នេះ ។

គាត់មិនបានផ្តល់មូលហេតុ នៃការស្លាប់នោះទេ ប៉ុន្តែកាសែត The New York Times បានរាយការណ៍ថា មន្រ្តីអនុវត្តច្បាប់កំពុងស៊ើបអង្កេត ថាតើ គាត់បានធ្លាក់ពីលើជណ្តើរ នៅឯផ្ទះល្វែង Manhattan របស់គាត់ឬយ៉ាងណា ។

អ្នកនាំពាក្យនាយកដ្ឋាន ប៉ូលិសក្រុងញ៉ូវយ៉ក បានដល់ប្រាប់ទីភ្នាក់ងារ AFP ក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា មន្ត្រីបានឆ្លើយតប នឹងការហៅទូរសព្ទនៅអាសយដ្ឋាន របស់គាត់នៅ Upper East Side នៅម៉ោងប្រហែល១២និង៤០នាទីយប់ ។

អ្នកនាំពាក្យបានឲ្យដឹងថា “នៅពេលមកដល់ មន្រ្តីបានសង្កេតឃើញស្ត្រីវ័យ៧៣ឆ្នាំម្នាក់សន្លប់ និងមិនអាចឆ្លើយតបបាន ។ EMS (សេវាសង្គ្រោះបន្ទាន់) បានទៅកាន់ទីតាំងនោះ និងប្រកាសថា ជនរងគ្រោះបានស្លាប់នៅកន្លែងកើតហេតុ” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “ហាក់ដូចជាមិនមានឧក្រិដ្ឋកម្ម ណាមួយទេ” ហើយថា អ្នកពិនិត្យសុខភាព របស់ទីក្រុងនឹងកំណត់ មូលហេតុនៃការស្លាប់នេះ ។

លោក ដូណាល់ ត្រាំ វ័យ៧៦ឆ្នាំ បានថ្លែងនៅក្នុងបណ្តាញសង្គម របស់គាត់ថា លោកស្រី Ivana Trump “ជាស្ត្រីដ៏អស្ចារ្យម្នាក់ដ៏ស្រស់ស្អាត និងអស្ចារ្យ ដែលបានដឹកនាំជីវិតដ៏អស្ចារ្យ និងជាអ្នកបំផុសគំនិត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top