ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ចោទ​អាមេរិក​ពីការធ្វើសង្គ្រាម​ជីវសាស្ត្រ​ នៅ​អ៊ុយក្រែន

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការផលិតអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែន ដោយបានបន្ទរការទាមទាររបស់រុស្ស៊ី ដែលត្រូវបានច្រានចោលដោយអង្គការសហប្រជាជាតិកាលពីខែមីនា។

ក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូកាលពីខែកុម្ភៈបានឲ្យដឹងថា គោលនយោបាយរបស់សហរដ្ឋអាមេរិក គឺជា “ដើមហេតុនៃវិបត្តិអ៊ុយក្រែន” ហើយនៅក្នុងខែនេះបានទទួលស្គាល់ជាផ្លូវការនូវតំបន់បំបែកខ្លួន ដែលគាំទ្ររុស្ស៊ីចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនដែលជំរុញឱ្យទីក្រុងគៀវ កាត់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានចុះផ្សាយថា “បានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តជាច្រើននៅក្នុងប្រទេស និងតំបន់រាប់សិប រួមទាំងអ៊ុយក្រែន ដោយមិនគោរពសន្ធិសញ្ញាអន្តរជាតិ” ដោយលើកឡើងពីអ្វីដែលខ្លួនបាននិយាយថា “បានរកឃើញ” ដោយរុស្ស៊ី។

ទីក្រុងមូស្គូ កាលពីខែមីនាបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទផ្តល់មូលនិធិដល់ការស្រាវជ្រាវលើការអភិវឌ្ឍអាវុធជីវសាស្រ្តនៅអ៊ុយក្រែន ដែលបានឈ្លានពានដោយរុស្ស៊ីជិត ៥ខែមុន។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវបានបដិសេធថាមិនមានមន្ទីរពិសោធន៍ដែលមានបំណងផលិតអាវុធជីវសាស្រ្តនៅក្នុងប្រទេសអ៊ុយក្រែន ដោយសហរដ្ឋអាមេរិកបាននិយាយថាការចោទប្រកាន់នេះគឺជាសញ្ញាមួយដែលទីក្រុងម៉ូស្គូអាចនឹងប្រើយុទ្ធសាស្ត្របែបនេះដោយខ្លួនឯង។

លោក Izumi Nakamitsu អគ្គលេខាធិការរងកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ ក៏បាននិយាយកាលពីខែមីនាថា អង្គការសហប្រជាជាតិ “មិនបានដឹងពីកម្មវិធីអាវុធជីវសាស្ត្រណាមួយនៅក្នុងអ៊ុយក្រែននោះទេ”៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top