បរទេស៖ បញ្ជាការក្រុមយុទ្ធជនបរទេសគាំទ្រក្រុងគៀវរបស់អ៊ុយក្រែនបានលាតត្រដាងពីស្ថានភាពនៃការស្លាប់របស់ជនជាតិអាមេរិក២នាក់, ជាជនជាតិកាណាដាម្នាក់ និងស៊ុយអែតម្នាក់ អំឡុងការប៉ះទង្គិចជាមួយកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Donbass។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខេកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា មេបញ្ជាការ Ruslan Miroshnichenko បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋអាមេរិក Luke ‘Skywalker’ Lucyszyn និង Bryan Young , ជនជាតិកាណាដា Emile-Antoine Roy-Sirois និង Edvard Selander Patrignani ជនជាតិស៊ុយអែត ត្រូវបានសម្លាប់កាលពីថ្ងៃទី១៨ ខែកក្កដា។
បុរសទាំង៤នាក់នោះ គឺជាផ្នែកនៃអង្គភាពប្រតិបត្តិការពិសេសមួយនៅក្នុងកងកម្លាំងការពារទឹកដីអ៊ុយក្រែននៅក្នុងទីក្រុង Seversk ដែលថ្មីៗនេះជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
លោក Miroshnichenko បាននិយាយថា កាលពីថ្ងៃច័ន្ទ ក្រុមអ្នកប្រយុទ្ធគឺជាផ្នែកមួយនៃក្រុមដែលត្រូវបានបញ្ជូនទៅបេសកកម្មទៅកាន់ភូមិ Grigorovka ចម្ងាយប្រហែល៣ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Seversk ជាកន្លែងដែលកងកម្លាំងរុស្ស៊ីសម្រុកព្យាយាមឆ្លងកាត់ទន្លេមួយ។
ពួកគេ (ក្រុមប្រយុទ្ធបរទេស) បានបំពេញកិច្ចការរបស់ពួកគេហើយ ប៉ុន្តែ «នៅចុងបញ្ចប់នៃបេសកកម្ម ពួកគេត្រូវបានវាយឆ្មក់ដោយរថក្រោះរុស្ស៊ី»៕ប្រែសម្រួល៖ ណៃ តុលា