ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ យល់ព្រមលើកិច្ចព្រមព្រៀង លក់អាវុធតម្លៃ ១,៧ ពាន់លានដុល្លារ ឱ្យអ៊ុយក្រែន

បរទេស៖ ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ Krauss-Maffei Wegmann (KMW) បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដែលនឹងឃើញក្រុមហ៊ុន ផលិត និងផ្គត់ផ្គង់ឱ្យទីក្រុងគៀវ ជាមួយនឹងកាំភ្លើងធំបាញ់ពីលើស្មា PzH 2000 ចំនួន១០០គ្រឿង, នេះបើតាមកាសែត Der Spiegel បានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីតំណាងក្រុមហ៊ុន។ កាសែតបាននិយាយថាទីក្រុងប៊ែកឡាំងបានអនុម័តការលក់ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Der Spiegel បានផ្សាយថា ទីក្រុង គៀវ បានស្នើសុំក្រុមហ៊ុន KMW ថាតើខ្លួនអាចទិញឧបករណ៍យោធាដោយផ្ទាល់វិញនៅក្នុងខែមេសាដែរឬទេ ដោយបន្ថែមថា ក្រុមហ៊ុនផលិតអាវុធ ដែល “ភ្លាមៗ” នោះបានធ្វើការផ្តល់ជូនដែលពាក់ព័ន្ធដល់អ៊ុយក្រែន និងបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណផលិត PzH 2000 ពីរដ្ឋាភិបាលអាល្លឺម៉ង់នៅថ្ងៃទី១១ ខែកក្កដា។

យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុននេះ ក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ដឹកនាំដោយលោក Robert Habeck បានបើកភ្លើងខៀវលើការលក់ត្រឹមតែពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី ១៣ខែកក្កដា។ អ្នកនាំពាក្យក៏បាននិយាយផងដែរថា កិច្ចព្រមព្រៀងអាវុធមានតម្លៃ ១,៧ ពាន់លានអឺរ៉ូ (១,៧២ ពាន់លានដុល្លារ)។ តម្លៃនៃកិច្ចសន្យាតែមួយនេះគឺស្ទើរតែបីដងនៃតម្លៃសព្វាវុធទាំងអស់ដែលអាល្លឺម៉ង់បានបញ្ជូនទៅអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ី។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ជំនួយយោធារបស់ទីក្រុងប៊ែកឡាំងដល់ទីក្រុងគៀវមានចំនួនប្រហែល ៦០០ លានអឺរ៉ូ (607 លានដុល្លារ) រហូតមកដល់បច្ចុប្បន្ន៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top