បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jen Stoltenberg បានធ្វើការអះអាង មួយកាលពីថ្ងៃម្សិលមិញនេះថា មកដល់ពេលនេះ ស្ថានភាពប្រយុទ្ធគ្នា នៅអ៊ុយក្រែនបានឈាន ដល់ដំណាក់កាលដ៏សំខាន់ និងកាន់តែគ្រោះថ្នាក់មួយថែមទៀត។
លោកបានពន្យល់ថា ការចំណាយទៅលើការផ្គត់ផ្គង់ ឲ្យអ៊ុយក្រែនពិតជានឹងមានកម្រិតខ្ពស់បំផុតមួយ សម្រាប់លោកខាងលិចប៉ុន្តែប្រសិនបើរុស្សី បើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើបណ្តាប្រទេសផ្សេងទៀតនោះ ការខូចខាតនឹងមានចំនួនលើស ពីអ្វីដែលត្រូវចំណាយនោះ ច្រើនខ្លាំងថែមទៀតជាមិនខាន។
នៅក្នុងការយល់ឃើញរបស់លោក Stoltenberg ជាមួយនឹងកាសែត Financial Times កាលពីថ្ងៃពុធនេះផងដែរ លោកបានបន្តថាប្រធានាធិបតី រុស្សីកន្លងមកបានបង្ហាញ នូវគោលជំហយ៉ាងច្បាស់ហើយថា នឹងធ្វើយ៉ាងណាលប់អ៊ុយក្រែន ចោលពីផែនទីពិភពលោកព្រមទាំង រៀបចំប្រព័ន្ធសន្តិសុខថ្មីរបស់ពិភពលោក។
លោកបានព្រមានថា រុស្សីអាចនឹងបង្វែរទៅធ្វើការ វាយប្រហារលើបណ្តាប្រទេសផ្សេងទៀត ក្បែរខាងបន្ថែមទៀតហើយជា លទ្ធផលនៅពេលនេះការគម្រាមកំហែង របស់រុស្សី បានធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ប៉ាល់តិក និងប្រទេសប៉ូឡូញផង បានចំណាយលុយជាច្រើនពាន់លានដុល្លារ ក្នុងការពង្រឹងសមត្ថភាព ការពារជាតិរបស់ខ្លួន៕
ប្រែសម្រួល៖ ស៊ុន លី