ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា ចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែន គឺខ្ពស់ជាងរុស្ស៊ីដប់ដង 

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធថា យោធារុស្ស៊ីបានបាត់បង់ទាហានជិត ៦ ០០០នាក់ ក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Sergey Shoigu បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែន គឺខ្ពស់ជាងដប់ដង ដោយមានទាហានគីវចំនួន ៦១ ២០៧ នាក់ បានស្លាប់។

វាជាលើកទីមួយហើយដែលរុស្ស៊ី បានប្រកាសពីការខាតបង់របស់ខ្លួនក្នុងអំឡុងពេល ប្រតិបត្តិការយោធាចាប់តាំងពីចុងខែមីនា នៅពេលដែលចំនួនទាហាន ដែលត្រូវបានសម្លាប់មានចំនួន ១ ៣៥១នាក់ នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។

លោក Shoigu បានបង្ហាញឱ្យដឹងថា “ការខាតបង់របស់យើងរហូតមកដល់បច្ចុប្បន្នគឺ ៥ ៩៣៧នាក់ បានស្លាប់” ។

លោកក៏បានសរសើរដល់ការងារ របស់ពេទ្យយោធាផងដែរ ដោយនិយាយថា ៩០ភាគរយ នៃទាហានរុស្ស៊ីដែលបានរងរបួសអំឡុងពេលប្រយុទ្ធ អាចត្រលប់មកធ្វើសកម្មភាពវិញបន្ទាប់ពីការព្យាបាល។

លោកបាននិយាយថា “ដំបូងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន មានចំនួនចន្លោះពី ២០១ ០០០នាក់ ទៅ ២០២ ០០០ នាក់ ហើយចាប់តាំងពីពេលនោះមក ពួកគេបានទទួលរងការខាតបង់ប្រហែល ១០០ ០០០ នាក់ ដោយមាន ៦១ ២០៧នាក់បានស្លាប់ និង ៤៩ ៣៦៨ នាក់ផ្សេងទៀតបានរងរបួស” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top