ព័ត៌មានអន្តរជាតិ

រុស្សី នឹងទទួលបានយន្តហោះចម្បាំងថ្មី ជំនាន់ទី៥ នៅចុងឆ្នាំ២០២២

បរទេស៖ សាជីវកម្មបច្ចេកវិទ្យាការពារជាតិ របស់រដ្ឋឈ្មោះ Rostec បាននិយាយថា ប្រទេសរុស្ស៊ីនឹងបង្កើនការផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី 5 Su-57 ចំពេលប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Chemezov ប្រធាន Rostec បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “កងទ័ពអាកាសរុស្ស៊ីនឹងទទួលបានយន្តហោះចម្បាំង Su-57 ថ្មីនៅឆ្នាំនេះ” នេះបើយោងតាមបណ្តាញ Telegram របស់ក្រុមហ៊ុន។

លោកបានបន្ថែមថា “ល្បឿនផលិតយន្តហោះចម្បាំងនឹងកើនឡើង” ដោយសាររោងចក្រនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីកំពុងដំណើរការពង្រីក និងធ្វើទំនើបកម្ម ដើម្បីបំពេញតម្រូវការផលិតកម្មខ្ពស់។

Rostec បាននិយាយថា ខ្សែដំឡើងថ្មី និងគ្រឿងបរិក្ខារបន្ថែមត្រូវបានតំឡើងរួចហើយនៅរោងចក្រ។

យន្តហោះប្រភេទ Supersonic ដែលអាចបត់បែនបានខ្ពស់ Su-57 ត្រូវបានរចនាឡើងដើម្បីគេចពីរ៉ាដា និងវាយប្រហារគោលដៅពីលើអាកាស និងដី រួមទាំងកន្លែងការពារដែនអាកាសផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top