ព័ត៌មានអន្តរជាតិ

ការសម្រេចចិត្ត របស់ Apple នៅឥណ្ឌាមិនឃើញ មានគូប្រជែង សមត្ថភាពផលិត របស់ចិនឡើយ

ឥណ្ឌា ៖ អ្នកជំនាញបាននិយាយថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Apple Inc សម្រាប់ចាប់ផ្តើមដំឡើង ស្មាតហ្វូន iPhone 14 ចុងក្រោយបង្អស់របស់ខ្លួន នៅឥណ្ឌា នឹងមិនធ្វើឲ្យប៉ះពាល់ទីតាំង ដ៏សំខាន់ របស់ចិនក្នុងខ្សែ សង្វាក់គ្រឿង អេឡិចត្រូនិកសកលនោះទេ ព្រោះគុណសម្បត្តិ ជាច្រើនដូចជាខ្សែសង្វាក់ ផ្គត់ផ្គង់មានប្រសិទ្ធភាពខ្ពស់ ទេពកោសល្យផលិត កម្រិតខ្ពស់ និងប្រព័ន្ធអេកូ នៃទូរសព្ទទំនើប យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ការអត្ថាធិប្បាយនេះ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Apple បាននិយាយលើសេចក្តី ថ្លែងការណ៍មួយថា ក្រុមហ៊ុនអាមេរិកមានក្តីរំភើប ក្នុងការផលិត iPhone 14 ក្នុងប្រទេសឥណ្ឌា ហើយដំណឹងនេះ បានកើតឡើងមិនដល់៣សប្តាហ៍ បន្ទាប់ពីការបង្ហាញ iPhone 14 ។

លោក Bai Ming អនុប្រធានផ្នែកស្រាវជ្រាវ ទីផ្សារអន្តរជាតិនៅបណ្ឌិតសភា ពាណិជ្ជកម្មអន្តរជាតិ និងសហប្រតិបត្តិការ សេដ្ឋកិច្ចចិន បាននិយាយថា ទីផ្សារក្នុងស្រុក ដ៏ធំសម្បើម របស់ប្រទេសចិន ជាប្រព័ន្ធអេកូឡូស៊ី ដែលរីកដុះដាលជុំវិញ ទីផ្សារដ៏ធំបែបនេះ និងខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយប្រសិទ្ធភាព គឺ មានការទាក់ទាញយ៉ាងខ្លាំងចំពោះក្រុមហ៊ុន បច្ចេកវិទ្យាយក្ស ដូចជា Apple ជាដើម។ ការរួមបញ្ចូលគ្នានៃគុណសម្បត្តិបែបនេះ គឺជាអ្វីដែលប្រទេស ដូចជាឥណ្ឌា និងវៀតណាមមិនពេញចិត្ត ។

ចំណែក លោក Wei Jianguo អនុប្រធានមជ្ឈមណ្ឌល China Center for International Economic Exchanges បាននិយាយថា ខ្សែសង្វាក់ ឧស្សាហកម្ម សម្រាប់ស្មាតហ្វូនរួមមានដំណើរ ការទាំងមូល ចាប់ពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការរចនាផ្សិត រហូតដល់ការផ្គុំចុងក្រោយ។ ក្នុងអំឡុងពេលដំណើរ ការនេះ ខ្សែសង្វាក់នេះ រួមបញ្ចូលការគាំទ្រ ទាំងពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាខ្ពស់ ។ កិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព នៃតំណភ្ជាប់ និងប្រព័ន្ធជាច្រើន ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ លើវិស័យផលិតកម្មនៅទីក្រុង Shenzhen ខេត្ត Guangdong ជាពិសេស ។

លោក Wei បានបន្តថា ប្រទេសចិនមានក្រុមកម្មករ ជំនាញកម្រិតខ្ពស់ ទំនើប និងអាចបត់បែនបាន ។ ធនធានមនុស្សមិនត្រឹម តែមានកម្មករ ចំណាកស្រុកប៉ុណ្ណោះទេ ថែមទាំងវិស្វករ បុគ្គលិក R&D និងបុគ្គលិកផ្នែកឌីហ្សាញ បានចូលរួមក្នុងពាណិជ្ជកម្មអស់រយៈពេលជាយូរ មានបទពិសោធន៍ សម្បូរបែប និងអាចឆ្លើយតបបានយ៉ាងឆាប់រហ័ស ចំពោះការផ្លាស់ប្តូរនៅក្នុងទីផ្សារពិភពលោក។

អ្នកជំនាញបានបន្ថែមថា ទោះបីជាក្រុមហ៊ុន Apple ពង្រីកផលិតកម្មមួយចំនួនទៅកាន់ប្រទេស ឥណ្ឌាក៏ដោយ វាមិនកាត់បន្ថយទម្ងន់ ផលិតកម្មរបស់ប្រទេសចិន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិកនោះទេ ដោយសារគុណសម្បត្តិខាងលើ៕

Most Popular

To Top