ម៉ូស្គូ៖ ជាងពាក់កណ្តាល នៃជនជាតិអាមេរិកជឿថារុស្ស៊ី ដែលប្រើគ្រាប់បែកនុយក្លេអ៊ែរ នៅអ៊ុយក្រែន គឺជាសេណារីយ៉ូ “ប្រាកដនិយម” នេះបើយោងតាមការស្ទង់មតិរបស់ Newsweek ផ្តាច់មុខ។
នៅពេលសួរថា “តើអ្នកគិតថាវាជាលទ្ធភាពជាក់ស្តែង ដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចប្រើគ្រាប់បែកនុយក្លេអ៊ែរនៅអ៊ុយក្រែនទេ?” ១៤ភាគរយនៃអ្នកបោះឆ្នោតអាមេរិក ដែលមានសិទ្ធិបោះឆ្នោត បានលើកឡើងថា វាពិតជា “ប្រាកដណាស់” ដែលលោកពូទីន អាចនឹងវាយប្រហារអ៊ុយក្រែន ជាមួយនឹងអាវុធនុយក្លេអ៊ែរ ដោយ ៤៤ភាគឲ្យដឹងថាវា “ប្រាកដនិយម” ។
នៅក្នុងនោះដែរ ១៩ភាគរយផ្សេងទៀតបានឲ្យដឹងថា ការប្រើប្រាស់នុយក្លេអ៊ែរគឺ “មិនប្រាកដនិយម” ខណៈដែលជនជាតិអាមេរិក ១២ ភាគរយបានពណ៌នាថាវាពិតជា “មិនប្រាកដនិយមខ្លាំងណាស់” ។
រវាងថ្ងៃទី២៣ និង ២៤ ខែតុលា “អ្នកបោះឆ្នោត ១៥០០០ដែលមានសិទ្ធិនៅអាមេរិក” ត្រូវបានស្ទង់មតិ ដោយមានការស្ទង់មតិធ្វើ ឡើងដោយ Redfield & Wilton Strategies សម្រាប់ Newsweek ។
ការស្ទង់មតិក៏បានរកឃើញផងដែរ ៥២ភាគរយ នៃជនជាតិអាមេរិកគិតថា អ៊ុយក្រែនគួរតែស្វែងរក “យកមកវិញនូវទឹកដីទាំងអស់ដែលបានបាត់បង់ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២” មុនពេលស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា