យូអិន ៖ អង្គការសហប្រជាជាតិ ទន្ទឹងរង់ចាំស្វាគមន៍រុស្ស៊ីត្រលប់មកវិញ ក្នុងការបំពេញនូវគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលទីក្រុងមូស្គូ បានផ្អាកបន្ទាប់ពីការវាយប្រហារ លើកងនាវាចរ សមុទ្រខ្មៅរបស់រុស្ស៊ី នេះបើតាមការបញ្ជាក់របស់ប្រមុខ ជំនួយរបស់អង្គការសហប្រជាជាតិ។
លោក Martin Griffiths អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ បានប្រាប់សន្និសីទ សង្ខេបក្រុមប្រឹក្សាសន្តិសុខថា “យើងត្រូវបានលើកទឹកចិត្ត ដោយការធានារបស់រុស្ស៊ីថា ក្រុងម៉ូស្គូមិនដកខ្លួនចេញ ពីគំនិតផ្តួចផ្តើមនេះទេ ហើយវាគ្រាន់តែជាការផ្អាកសកម្មភាព បណ្តោះអាសន្នក្នុងការអនុវត្តប៉ុណ្ណោះ” ។
រុស្ស៊ីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្អាកការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅភ្លាមៗ ដោយមិនកំណត់ដោយចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារ ដោយយន្តហោះដ្រូនប្រឆាំង នឹងកប៉ាល់ និងហេដ្ឋារចនាសម្ព័ន្ធ របស់កងនាវាសមុទ្រ ខ្មៅរបស់រុស្ស៊ី ក្រោមគម្របច្រករបៀង មនុស្សធម៌ ដែលបង្កើតឡើង សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមនេះ ។
កាលពីថ្ងៃទី២២ ខែកក្កដា រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដោយឡែកពីគ្នាក្នុងឯកសារមួយនៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយតួកគី និងអង្គការសហប្រជាជាតិ ស្តីពីការនាំចេញ គ្រាប់ធញ្ញជាតិ និងជីពីអ៊ុយក្រែន និងរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់ ទៅកាន់ទីផ្សារពិភពលោក ចំពេលមានជម្លោះប្រដាប់អាវុធរុស្ស៊ី-អ៊ុយក្រែន ។
លោក Griffiths បានបន្ថែមថា ប្រទេសចំនួន ៣៨ បានទិញគ្រាប់ធញ្ញជាតិប្រហែល ៩លានតោនពីអ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងនេះ ដែលមានឥទ្ធិពលមនុស្សធម៌ លើការកាត់បន្ថយតម្លៃ និងការស្ងប់ស្ងាត់ នៃការប្រែប្រួលទីផ្សារ៕
ប្រែសម្រួល ឈូក បូរ៉ា