ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវឲ្យបន្តកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិអ៊ុយក្រែន

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការ បន្តកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិអ៊ុយក្រែន និងសម្រាប់ការអនុវត្តស្មារតី ដូចគ្នានៃពហុភាគីនិយម នៅក្នុងសន្និសីទ ស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ នៅប្រទេសអេហ្ស៊ីប ឬ COP27 នាពេលខាងមុខ។

នៅក្នុងជំនួបសារព័ត៌មានមួយ លោក Guterres បានអំពាវនាវឱ្យមានការបន្តនៃ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ខណៈដែលរុស្ស៊ីបានយល់ព្រម បន្តការចូលរួមរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកអគ្គលេខាធិការបានលើកឡើងថា “ឥឡូវនេះ គំនិតផ្តួចផ្តើមបានដំណើរការ ឡើងវិញទាំងស្រុង ខ្ញុំសូមអំពាវនាវដល់ភាគីទាំងអស់ ផ្តោតការខិតខំប្រឹងប្រែងលើវិស័យពីរ៖ ទីមួយ ការបន្តឡើងវិញ និងការអនុវត្តពេញលេញ នៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅ ទីពីរ ដើម្បីលុបបំបាត់ឧបសគ្គ ដែលនៅសេសសល់ ចំពោះការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ី។

លោកបានបន្ដថា “ខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ រួមជាមួយនឹងប្រព័ន្ធអង្គការ សហប្រជាជាតិទាំងមូល ដើម្បីសម្រេចបាននូវគោលបំណង សំខាន់ទាំងពីរនេះ”។

រយៈពេលដំបូងនៃគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យនាំចេញ គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត ពីកំពង់ផែសមុទ្រខ្មៅគឺ ១២០ ថ្ងៃ ហើយផុតកំណត់នៅថ្ងៃទី១៩ ខែវិច្ឆិកា។ ភាគីបានព្រមព្រៀងថា កិច្ចព្រមព្រៀងអាចត្រូវបានបន្ត ដោយស្វ័យប្រវត្តិតាមលក្ខខណ្ឌ។

សេចក្តីប្រកាសរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍អំពីការផ្អាក ការចូលរួមរបស់ខ្លួននៅក្នុង កិច្ចព្រមព្រៀងបានធ្វើឱ្យក្តីសង្ឃឹម សម្រាប់ការបន្ដកិច្ចព្រមព្រៀងនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង។

រុស្ស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​នឹង​បន្ត​ការ​ចូល​រួម​របស់​ខ្លួន​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ចូលរួម​ការទូត​ជាច្រើន​ថ្ងៃ។ លោក Guterres ត្រូវផ្លាស់ប្តូរផែនការ ធ្វើដំណើររបស់លោក ដើម្បីផ្តោតលើបញ្ហានេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top