ព័ត៌មានអន្តរជាតិ

បន្ទាប់ពីជួបទល់មុខគ្នាជាមួយប្រធានាធិបតីចិន លោក Joe Bidenថា គ្មានការលុកលុយដែលនឹងជិតមកដល់លើកោះតៃវ៉ាន់នោះទេ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា លោកមិនបានឃើញប្រទេសចិន “ឈ្លានពាន” លើកោះតៃវ៉ាន់ នៅពេលណាមួយឆាប់ៗនោះទេ បន្ទាប់ពីលោកបានជួប “ដោយផ្ទាល់ និងដោយត្រង់” ជាមួយមេដឹកនាំចិន លោក Xi Jinping ។ មេដឹកនាំទាំងពីរបានជួបទល់មុខគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូល G20 ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Biden បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយបន្ទាប់ពីនោះថា “ខ្ញុំមិនគិតថា មានការប៉ុនប៉ងណាមួយដែលនឹងកើតឡើងនៅលើផ្នែកនៃប្រទេសចិន ដើម្បីឈ្លានពានតៃវ៉ាន់នោះទេ” ។ លោកបន្ថែមថា “យើងចង់ឱ្យបញ្ហាឆ្លងកាត់ច្រកសមុទ្រត្រូវបានដោះស្រាយ” ។

បើយោងតាមសេតវិមានដែលអានអំពីកិច្ចប្រជុំនោះ គឺថា មេដឹកនាំអាមេរិកក៏បានលើកឡើងនូវ “សកម្មភាពបង្ខិតបង្ខំ និងកាន់តែខ្លាំងឡើងៗ” របស់ទីក្រុងប៉េកាំង ចំពោះទីក្រុងតៃប៉ិ ប៉ុន្តែបានប្រាប់លោក Xi ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក សភាបាននឹងកំពុងរៀបចំដើម្បីអនុវត្តចំពោះកោះតៃវ៉ាន់នូវយន្តការដូចគ្នាដែលទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ក្នុងការបំពាក់អាវុធអ៊ុយក្រែនកាលពីឆ្នាំមុន។

ជំនួបរយៈពេលបីម៉ោងកាលពីរសៀលថ្ងៃចន្ទ គឺជាជំនួបលើកដំបូងសម្រាប់មេដឹកនាំទាំងពីរចាប់តាំងពីលោក Biden ក្លាយជាប្រធានាធិបតីអាមេរិកក្នុងឆ្នាំ ២០២១។ ការជជែកផ្ទាល់ចុងក្រោយរបស់មេដឹកនាំអាមេរិក និងចិន គឺនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៧ នៅទីក្រុង Davos ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top