ព័ត៌មានអន្តរជាតិ

Update៖ យោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយខ្លី

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃព្រហស្បតិ៍ នេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លី យោធារបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា នេះជាការបាញ់បង្ហោះចុងក្រោយបំផុត ក្នុងកំណត់ត្រា ខណៈក្រុងព្យុងយ៉ាង បានព្រមានពីការឆ្លើយតប ដោយយោធា “ដ៏កាចសាហាវ” ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ។

ក្រុងវ៉ាស៊ីនតោនបាននឹង កំពុងស្វែងរកការជំរុញ កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ និងបង្កើនសមយុទ្ធយោធារួមគ្នាជាការឆ្លើយតប ទៅនឹងការបង្កើនការញុះញង់ ពីកូរ៉េខាងជើង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ដែលចាត់ទុកសកម្មភាពទាំងអស់នោះ ជាភស្តុតាងនៃការឈ្លានពាន របស់សហរដ្ឋអាមេរិក ។

គួររំលឹកថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានពិភាក្សាអំពីការសាកល្បងមីស៊ីល នាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ជាមួយសមភាគីចិន លោក ហ្ស៊ី ជិនពីង នៅដើមសប្តាហ៍នេះ ហើយក៏បានថ្លែងជាមួយមេដឹកនាំ មកពីក្រុងតូក្យូ និងក្រុងសេអ៊ូលផងដែរ ខណៈដែលការភ័យខ្លាចកើនឡើងថា របបផ្តាច់មុខនឹងធ្វើការសាកល្បងនុយក្លេអ៊ែរ លើកទី៧របស់ខ្លួន ។

លោក Choe Son Hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បាននៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា ចំណាត់ការរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការពង្រឹង “ការរារាំងបន្ថែម” និងធ្វើសមយុទ្ធរួមគ្នាជាមួយសម្ព័ន្ធមិត្ត សន្តិសុខក្នុងតំបន់ គឺជា “ទង្វើដ៏ល្ងង់ខ្លៅ”។

លោក Choe បានឲ្យដឹងថា កាលណាក្រុងវ៉ាស៊ីនតោន បង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខជាមួយក្រុងតូក្យូ និងក្រុងសេអ៊ូល “ការប្រឆាំងយោធារបស់កូរ៉េខាងជើង នឹងកាន់តែខ្លាំងក្លា” ។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងថា យោធាបាន “រកឃើញនៅម៉ោងប្រហែល១០និង៤៨នាទីព្រឹក មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយបានបាញ់ចេញពីតំបន់ Wonsan ក្នុងខេត្ត Kangwon” ។

យោធាបានបញ្ជាក់ថា មីស៊ីលនេះបានហោះបានចម្ងាយ ប្រហែល២៤០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់៤៧គីឡូម៉ែត្រ និងល្បឿន កម្រិតទី៤ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top