ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃនៅឈីលី បង្កឲ្យឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់៤៦ខ្នង និងបណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋជាច្រើននាក់

សាន់ទីយ៉ាហ្គោ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា ការិយាល័យសង្គ្រោះបន្ទាន់ជាតិ ហៅកាត់ថា (Onemi) របស់ក្រសួងមហាផ្ទៃ និងសន្តិសុខសាធារណៈ បានឲ្យដឹងថា ភ្លើងឆេះព្រៃនៅតំបន់ Metropolitan របស់ប្រទេសឈីលី បានសម្លាប់មនុស្ស៥នាក់ រងរបួស និងផ្ទះចំនួន៤៦ខ្នងត្រូវបានបំផ្លាញ បន្ទាប់ពីបានឆាបឆេះយ៉ាងហោចណាស់ អស់ផ្ទៃដី៦៥៩ហិកតាកាលពីថ្ងៃអង្គារ ។

នៅក្នុងព្រឹត្តិបត្រព័ត៌មាន របស់ Onemi បានឲ្យដឹងថា ភ្លើងនៅក្នុងឃុំ Melipilla ដែលជាទីប្រជុំជន ជនបទ ដែលមានចម្ងាយប្រហែល៧០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី Santiago ត្រូវបានគេរកឃើញ នៅថ្ងៃទី១១ ខែធ្នូ ហើយនៅតែបន្តឆេះទោះបីជាមានការខិតខំប្រឹងប្រែង ដើម្បីពន្លត់ក៏ដោយ ។

គេបានដឹងថា ពលរដ្ឋចំនួន១៨៤នាក់ត្រូវបាត់បង់ផ្ទះសម្បែងដោយសារភ្លើងឆេះព្រៃ ។

ក្នុងចំណោមអ្នករងរបួសមានស្ត្រីអាយុ៦៧ឆ្នាំម្នាក់ ដែលមានការរលាកដល់ទៅ១១ភាគរយនៃរាងកាយរបស់គាត់ ។

លោក Esteban Valenzuela រដ្ឋមន្ត្រីក្រសួងកសិកម្ម របស់ប្រទេសឈីលី កាលពីថ្ងៃចន្ទបានប្រាប់ដល់អ្នកសារព័ត៌មានថា ៥២ភាគរយនៃអគ្គីភ័យ នៅក្នុងប្រទេសគឺបណ្តាល មកពីការធ្វេសប្រហែសឬគ្រោះថ្នាក់ ហើយចំនួន១២ភាគរយ គឺជាប្រភពដើមដែលមិនអាចកំណត់ បានឬត្រូវបានស៊ើបអង្កេត ហើយមានតែ១ភាគរយប៉ុណ្ណោះ ដែលកើតឡើងដោយធម្មជាតិ ។

លោកបានសោកស្តាយថា ភ្លើងឆេះ៣៥ភាគរយ ត្រូវបានចាប់ផ្តើមកើតឡើង ៕

Most Popular

To Top