បរទេស៖ លោក Kirill Budanov មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលរបស់ទីក្រុងគៀវ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post កាលពីថ្ងៃអង្គារ បានព្រមានថា ប្រទេសរុស្ស៊ីនឹងបន្តជួបប្រទះនឹង “បញ្ហា” រហូតដល់វាដកខ្លួនចេញពីអ៊ុយក្រែន និងស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់ប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធាននាយកដ្ឋានស៊ើបការណ៍សម្ងាត់អ៊ុយក្រែន (GUR) រូបនេះបានបន្ថែមថា ទីក្រុងគៀវបច្ចុប្បន្នមានមនុស្សដាក់គ្រឿងផ្ទុះនៅលើទឹកដីនៃប្រទេសរុស្ស៊ី ហើយបានចង្អុលបង្ហាញអំពីការវាយប្រហារភេរវករដែលអាចកើតមាននៅក្នុងប្រទេសនេះនាពេលខាងមុខ។
នៅពេលសួរអំពីការចូលរួមរបស់លោកក្នុងការវាយប្រហារលើស្ពាន Crimean ក្នុងខែតុលា និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរលើមូលដ្ឋានអាកាសរុស្ស៊ីក្នុងខែធ្នូ, លោក Budanov បានបដិសេធមិនបញ្ជាក់ថាកងកម្លាំងពិសេសរបស់លោកនៅពីក្រោយការវាយប្រហារនោះទេ។ ទោះយ៉ាងណាក៏ដោយ លោកបានព្រមានថា នឹងមានការវាយប្រហារបន្ថែមទៀតពីធម្មជាតិនោះ។
លោក Budanov បានបន្តទទូចថាអ៊ុយក្រែនត្រូវតែ “ធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថា យកតំបន់ Crimea ត្រលប់មកវិញនៅរដូវក្តៅ” ហើយបានច្រានចោលការលើកឡើងដែលថា ទីក្រុងម៉ូស្គូអាចប្រើអាវុធនុយក្លេអ៊ែរប្រសិនបើកងទ័ពរបស់ទីក្រុងគៀវឈានដល់ឧបទ្វីបដែលបានចូលរួមជាមួយរុស្ស៊ីជាផ្លូវការបន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ ២០១៤៕ប្រែសម្រួលៈ ណៃ តុលា
