បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានច្រានចោលការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនដែលថា ទីក្រុងម៉ូស្គូកំពុងរំលោភ លើកិច្ចព្រម ព្រៀងនុយក្លេអ៊ែរដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរ។
នៅក្នុងបទសម្ភាសន៍ជាមួយ RIA Novosti កាលពីថ្ងៃពុធ លោក Anatoly Antonov បានចាត់ទុកការចោទប្រកាន់នេះថា “ជាការបំភ្លើស” ដោយទទូចថា រុស្ស៊ីតែងតែគោរពតាមបទប្បញ្ញត្តិនៃសន្ធិសញ្ញា New START ដោយគ្មានកំហុស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានដាក់របាយការណ៍មួយទៅកាន់សភាកាលពីថ្ងៃអង្គារ ដែលជាលើកដំបូងដែលខ្លួនបានចោទ ប្រកាន់ទីក្រុងមូស្គូពី បទបំពាន លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ជាពិសេស របាយការណ៍នេះបានអះអាងថា មន្ត្រីរុស្ស៊ីបានច្រានចោលសំណើ របស់អាមេរិកសម្រាប់ការត្រួតពិនិត្យអាវុធនៅនឹងកន្លែង និងកិច្ចពិភាក្សាអនុលោមភាព។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក Antonov បាននិយាយថា វាគឺជាទីក្រុងវ៉ាស៊ីនតោនទៅវិញនោះទេ ដែលបានរំលោភលើកិច្ចព្រមព្រៀងដោយ “ខុសច្បាប់” ដកអាវុធយុទ្ធសាស្ត្រជាងមួយរយ ចេញពីការទទួលខុសត្រូវ ក្រោមសន្ធិសញ្ញា។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បាននិយាយទៀតថា “សកម្មភាពទាំងនេះទាក់ទងនឹងដែនកំណត់ New START ដែលធ្វើឱ្យខូចដល់គោលដៅសំខាន់នៃកិច្ចព្រមព្រៀង – ដើម្បីរក្សាតុល្យភាពនៃអាវុធវាយលុកជាយុទ្ធសាស្ត្ររបស់ភាគី” ៕
ប្រែសម្រួលៈ ណៃ តុលា
