វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្តេជ្ញាបន្តដាក់ការចំណាយខ្ពស់លើរុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ខណៈដែលមន្ត្រីសហភាពអឺរ៉ុបបានឲ្យដឹងថា សព្វាវុធដែលផ្តល់ដោយចិន ដល់រុស្ស៊ី នឹងនាំទៅរកការដាក់ ទណ្ឌកម្មដូចគ្នា។
លោក បៃដិន និងលោក Scholz បានជួបគ្នាកាលពីថ្ងៃសុក្រ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ខណៈដែល សហរដ្ឋអាមេរិក បានប្រកាសកញ្ចប់ ជំនួយយោធាថ្មី មួយសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ ៤០០លានដុល្លារ ដែលរួមមានគ្រាប់រំសេវ និងស្ពានយុទ្ធសាស្ត្រ ដើម្បីផ្លាស់ទីរថក្រោះ និងរថពាសដែក ។ គ្រាប់រំសេវបន្ថែមកំពុងត្រូវបានបញ្ជូន ដើម្បីជួយជំរុញស្តុកទុក ក្នុងការប្រមើលមើលការវាយលុក នៅនិទាឃរដូវរបស់អ៊ុយក្រែន។

ជំនួបរវាងមេដឹកនាំអាមេរិក និងអាល្លឺម៉ង់កើតឡើង ខណៈមន្ត្រីអាមេរិកបានឲ្យដឹងថា អ៊ុយក្រែនកំពុងត្រៀមខ្លួន សម្រាប់ការវាយលុកថ្មី របស់រុស្ស៊ីនៅប៉ុន្មានសប្តាហ៍ខាងមុខ។ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា ចំណុចពិភាក្សារវាងមេដឹកនាំរួមមានស្ថានភាពនៃសង្រ្គាម និងរបៀបឆ្លើយតបផងដែរ ប្រសិនបើចិន ផ្តល់ជំនួយយោធាដល់រុស្ស៊ី ។
អង្គុយក្បែរ Scholz ក្នុងការិយាល័យ Oval កាលពីថ្ងៃសុក្រ លោក បៃដិន បានសាទរចំពោះការសម្រេចចិត្ត របស់មេដឹកនាំអាល្លឺម៉ង់ ក្នុងការបង្កើនការចំណាយយោធា របស់អាល្លឺម៉ង់យ៉ាងខ្លាំង និងបង្វែរប្រភព ថាមពលចេញពីប្រទេសរុស្ស៊ី ហើយបានលើកឡើងថា មេដឹកនាំទាំងពីរបានធ្វើការជាប់គាំង ជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីគាំទ្រអ៊ុយក្រែន។
លោក បៃដិន បានលើកឡើងថា “ក្នុងនាមជាសម្ព័ន្ធមិត្ត របស់អង្គការណាតូ យើងកំពុងធ្វើឱ្យសម្ព័ន្ធភាពកាន់តែរឹងមាំ” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា ។
លោក Scholz បានអះអាងថា វាជារឿងសំខាន់ ដើម្បីបង្ហាញថា សម្ព័ន្ធមិត្តនឹងគាំទ្រទីក្រុងគៀវ “ដរាបណាប្រទេសនេះត្រូវការ និងដរាបណាចាំបាច់”៕
