ព័ត៌មានអន្តរជាតិ

Update៖ យោធាកូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី១គ្រាប់ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធរួមគ្នា

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា យោធាក្រុងសេអ៊ូលបានអះអាងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយនៅថ្ងៃអាទិត្យនេះ យោធារបស់ក្រុងសេអ៊ូល បញ្ជាក់ទៀតថា នេះជាការបង្ហាញកម្លាំងលើកទី៤នៅក្នុងរយៈពេល១សប្តាហ៍ នៅគ្រាដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធាដ៏ធំ ។

ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា និងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង ដែលបានធ្វើការសាកល្បងអាវុធហាមឃាត់កាន់តែខ្លាំងឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងស្ថិតក្នុងពាក់កណ្តាលនៃសមយុទ្ធរួមគ្នារយៈពេល១១ថ្ងៃ ដែលត្រូវបានគេស្គាល់ថា Freedom Shield ដែលជាសមយុទ្ធដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំមកនេះ ។

កូរ៉េខាងជើង បានចាត់ទុកសមយុទ្ធទាំងអស់នេះថា ជាការហាត់សមសម្រាប់ធ្វើការឈ្លានពាន ហើយបានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងចាត់វិធានការដ៏“លើសលប់” ដែលជាការឆ្លើយតប ។

នាយសេនាធិការចម្រុះកូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា “យោធារបស់យើងបានរកឃើញមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយដែលបានបាញ់ចេញពីជុំវិញតំបន់ Tongchang-ri ក្នុងខេត្ត Pyongan ខាងជើងនៅម៉ោង១១និង០៥នាទី ព្រឹកឆ្ពោះទៅសមុទ្រខាងកើត” ដោយសំដៅទៅលើផ្ទៃទឹកដែលគេស្គាល់ផងដែរ គឺសមុទ្រជប៉ុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top