ព័ត៌មានអន្តរជាតិ

ប៉ូឡូញ នឹងក្លាយ ជាអ្នកទទួលដ៏ធំបំផុត នៃមូលនិធិអាវុធ របស់សហភាពអឺរ៉ុប

Warsaw៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ប្រទេសប៉ូឡូញ នឹងក្លាយជាអ្នកទទួល មូលនិធិដ៏ធំបំផុត របស់សហភាពអឺរ៉ុប ដើម្បីផ្តល់សំណងដល់ប្រទេស ដែលបានបញ្ជូនសម្ភារៈយោធា ទៅកាន់អ៊ុយក្រែន។

លោក Morawiecki បានសរសេរនៅលើបណ្ដាញ Facebook ថា “ឆាប់ៗនេះយើងនឹងទទួលបានសំណង ប្រហែល ៣០០ លានអឺរ៉ូ (៣២៣,៦លានដុល្លារអាមេរិក) ហើយប៉ូឡូញ នឹងក្លាយជាអ្នកទទួលដ៏ធំបំផុត នៃមូលនិធិអាវុធរបស់សហភាពអឺរ៉ុប” ។

ប្រទេសប៉ូឡូញបានផ្តល់ឱ្យអ៊ុយក្រែន នូវចំនួនដ៏ច្រើននៃរថក្រោះ T-72 សម័យសូវៀតរបស់ខ្លួន ព្រមទាំងរថក្រោះបាញ់កាំភ្លើងស្វ័យប្រវត្តិ Krab និងគ្រាប់រំសេវផងដែរ ។

ថ្មីៗនេះ វ៉ារស្សាវ៉ា បានធ្វើការសម្រេចចិត្ត ប្រគល់យន្តហោះចម្បាំង MiG-29 ចំនួន ៤គ្រឿងរបស់ខ្លួនទៅកាន់ទីក្រុងគៀវ ដោយក្លាយជាប្រទេសដំបូងគេ ដែលផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top