ព័ត៌មានអន្តរជាតិ

ជប៉ុន ​ជំរុញ​ឱ្យ​ពង្រឹង​ការ​ចរចា​ មិនមែន​ធ្វើតាម​យុទ្ធសាស្ត្រ​ ខុស​របស់​អាមេរិក​ឡើយ​

ប៉េកាំង៖ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានជំរុញឱ្យជប៉ុន ជួបជាមួយប្រទេសចិន និងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងគ្រប់គ្រងភាពមិនស្របគ្នា ដោយមន្ត្រីនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសំខាន់ៗដូចជាសំណួរតៃវ៉ាន់។

ដំណើរ​ទស្សនកិច្ច​របស់​លោក Hayashi ទៅ​កាន់​ប្រទេស​ចិន ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​បាន​ធ្លាក់​ចុះ​ដល់​ “ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត” ក្នុង​រយៈពេល​ប្រាំ​ទសវត្សរ៍។ អ្នក​ជំនាញ​យល់​ឃើញ​ថា វា​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ទទួល​បាន​ទំនាក់​ទំនង​មក​វិញ​លើ​ផ្លូវ​ត្រូវ​នៃ​ការ​គ្រប់​គ្រង​ជម្លោះ​តាម​រយៈ​ការ​សន្ទនា។

ដោយប្រទេសជប៉ុនមិនទាន់អាចរុះរើទស្សនៈខុសឆ្គងរបស់ខ្លួន ចំពោះប្រទេសចិន និងមានបំណងបន្តជួយ សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ទីក្រុងប៉េកាំង អ្នកជំនាញបានឲ្យដឹងថា ដំណើរទស្សនកិច្ចមួយនឹងមិន នាំមកនូវការផ្លាស់ប្តូរច្រើននោះទេ។ ពួកគេបានឲ្យដឹងថា ទំនួលខុសត្រូវ គឺស្ថិតនៅលើទីក្រុងតូក្យូ ដើម្បីបង្ហាញភាព ស្មោះត្រង់បន្ថែមទៀតក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិន-ជប៉ុន។

នៅក្នុងជំនួបជាមួយលោក Hayashi នាយករដ្ឋមន្ត្រីចិនលោក លី បានលើកឡើងថា លោកមានបំណងចង់ឱ្យប្រទេសចិន និងជប៉ុន អាចធ្វើការរួមគ្នាដើម្បីកសាងទំនាក់ទំនង ដែលតម្រូវដោយយុគសម័យថ្មី ហើយលោកបានស្នើឱ្យជប៉ុនប្រព្រឹត្ត ចំពោះប្រទេសចិនដោយភាពស្មោះត្រង់ និងភាពជឿជាក់។

លោកនាយករដ្ឋមន្ត្រីចិនបានលើកឡើងថា ប្រទេសចិន និងជប៉ុន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដូច្នេះភាគីទាំង ពីរគួរតែដឹងពីផលប្រយោជន៍ទៅវិញទៅមក និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងកម្រិតខ្ពស់ជាងនេះ។

លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានប្រាប់លោក Hayashi កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះទំនាក់ទំនងចិន-ជប៉ុន នៅតែមានស្ថិរភាព ប៉ុន្តែពេលខ្លះមានការរំខានកើតឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព៧ត៌មាន GlobalTime។

លោកបានបន្ដថា ហេតុផលជាមូលដ្ឋាន គឺដោយសារតែកងកម្លាំងមួយចំនួននៅក្នុងប្រទេសជប៉ុន មានចេតនាធ្វើតាមគោលនយោបាយ ខុសរបស់អាមេរិក ដោយព្យាយាមញុះញង់ និងបំពុលផលប្រយោជន៍ស្នូលរបស់ចិន។ ចំណាត់ការ​បែបនេះ ​គឺ​គិត​ខ្លី​ជា​យុទ្ធសាស្ត្រ ខុស​លើ​ផ្នែក​នយោបាយ និង​មិន​ឈ្លាសវៃ​ក្នុង​លក្ខខណ្ឌ​ការទូត។

ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការមិត្តភាព គឺជាជម្រើសតែមួយគត់ សម្រាប់ទំនាក់ទំនងចិន-ជប៉ុន នេះបើតាមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន Qin Gang បានប្រាប់ Hayashi នៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យថា លោក បានជំរុញឱ្យប្រទេសជប៉ុន បង្កើតការទទួលស្គាល់ត្រឹមត្រូវនៃប្រទេសចិន ពង្រឹងទំនាក់ទំនង និងគ្រប់គ្រងជម្លោះឱ្យបានត្រឹមត្រូវ នៅក្នុងកិច្ចប្រជុំផ្ទាល់លើកដំបូងរវាងរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរក្នុងរយៈពេលជាង ៣ឆ្នាំ។

នៅក្នុងជំនួបនោះលោក Qin និងលោក Hayashi បានពិភាក្សាអំពីបញ្ហាស្នូល ដែលប៉ះពាល់ដល់ទំនាក់ទំនង រួមទាំងផែនការរបស់ប្រទេសជប៉ុនក្នុងការបោះចោលទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រ ការរឹតបន្តឹងថ្មីៗនេះរបស់ទីក្រុងតូក្យូលើការនាំចេញឧបករណ៍ semiconductor និងសំណួរតៃវ៉ាន់៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top