ព័ត៌មានអន្តរជាតិ

អ្នកជំនាញបុរាណចិន រកឃើញកប៉ាល់លិច ពោរពេញទៅដោយសារីរិកធាតុ នៅតំបន់សមុទ្រទឹកជ្រៅ

ចិន៖ នេះបើតាមរដ្ឋបាលបេតិកភណ្ឌវប្បធម៌ ជាតិបានប្រកាសកាលពីថ្ងៃអាទិត្យនៅទីក្រុងឆ្នេរសមុទ្រសានយ៉ា ខេត្តហៃណានបាននិយាយថា កប៉ាល់បុរាណចំនួន២គ្រឿង ដែលប្រហែលជាមានអាយុកាល តាំងពីពាក់កណ្តាលរាជវង្ស Ming (១៣៦៨-១៦៤៤) ត្រូវបានគេរកឃើញនៅតំបន់ទឹកជម្រៅប្រហែល ១,៥០០ ម៉ែត្រនៅសមុទ្រចិនខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។
ក្រុមស្រាវជ្រាវវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងវិស្វកម្មសមុទ្រជ្រៅ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានរកឃើញការ លិចកប៉ាល់នៅលើជម្រាលទ្វីបកាលខែតុលា។

នេះជាលើកទីមួយហើយដែលចិន បានរកឃើញកន្លែងលិចកប៉ាល់បុរាណ ដ៏ធំបែបនេះជ្រៅក្រោមសមុទ្រ។

កប៉ាល់លិចត្រូវបានអ្នកស្រាវជ្រាវដាក់ឈ្មោះថា ជា កប៉ាល់លិចទ្វីបភាគពាយ័ព្យលេខ១ និងលេខ២ នៅសមុទ្រចិនខាងត្បូង។

យោងតាមលោក Yan Yalin ប្រធាននាយកដ្ឋានបុរាណវិទ្យា នៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិ ការស៊ើបអង្កេតបឋមបានបង្ហាញថា សារីរិកធាតុដែលបានមកពីការលិចកប៉ាល់លេខ ១ត្រូវបានរាយប៉ាយលើផ្ទៃដីប្រហែល ១០,០០០ម៉ែត្រការ៉េ។

វាត្រូវបានគេប៉ាន់ប្រមាណថា វត្ថុបុរាណវប្បធម៌ជាង ១០០,០០០ ភាគច្រើនជាវត្ថុប៉សឺឡែន កំពុងលាក់ទុកនៅនឹងកន្លែង ដោយសារកប៉ាល់ភាគច្រើននៅតែកប់នៅក្នុងខ្សាច់ ហើយផ្នែកខ្លះលាតត្រដាងរបស់វា ត្រូវបានកប់ដោយសារីរិកធាតុរហូតដល់ ៣ ម៉ែត្រ។

នៅលើការលិចកប៉ាល់លេខ ២មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីកប៉ាល់ទី១ នោះ គេបានរកឃើញឈើកែច្នៃជាច្រើនដុំ រួមជាមួយនឹងវត្ថុសេរ៉ាមិចមួយចំនួនតូច។

ដោយផ្អែកលើការសិក្សាអំពីសារីរិកធាតុប៉សឺឡែនមួយចំនួនត្រូវបានសង្គ្រោះពីកន្លែងនោះ ការលិចកប៉ាល់លេខ១ ប្រហែលជាមានតាំងពីរជ្ជកាលអធិរាជ Zhengde (១៥០៦-២១) និងលេខ ២ ដល់រជ្ជកាលអធិរាជ Hongzhi (១៤៨៨-១៥០៥ ) ។

លោក Yan បានបន្តថា សារីរិកធាតុដែលត្រូវបានថែរក្សាយ៉ាងល្អមានតម្លៃប្រវត្តិសាស្រ្ត វិទ្យាសាស្រ្ត និងសិល្បៈខ្ពស់។

វាអាចជាការរកឃើញបុរាណវត្ថុ លំដាប់ពិភពលោកនៅក្នុងសមុទ្រជ្រៅ។

លោកបានបន្ថែមថា ការរកឃើញនេះគឺជាភស្តុតាងសំខាន់ នៃផ្លូវសូត្រសមុទ្របុរាណ និងរបកគំហើញដ៏សំខាន់សម្រាប់ការសិក្សាប្រវត្តិសាស្ត្រ ក្នុងពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន ការធ្វើនាវាចរណ៍ និងប៉សឺឡែន (ផលិតផល)៕ដោយ៖លី ភីលីព

Most Popular

To Top