ព័ត៌មានអន្តរជាតិ

ប្អូនស្រ្តីលោក គីម ជុងអ៊ុន អះអាងថា កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបយោធាបន្ដទៀត ខណៈទើបទទួលការបរាជ័យ ម្សិលមិញនេះ

ព្យុងយ៉ាង៖ លោកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន បានសន្យាថា នឹងបាញ់បង្ហោះផ្កាយរណបបន្ថែមទៀត បន្ទាប់ពីការប៉ុនប៉ងរបស់ប្រទេសនេះក្នុងការបញ្ជូនផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថី បានបញ្ចប់ដោយការបរាជ័យ។

ដោយថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការលាក់ពុត “ដូចក្មេងទំនើង” ចំពោះការរិះគន់របស់ខ្លួន ចំពោះការបាញ់បង្ហោះដែលបរាជ័យកាលពីថ្ងៃពុធ លោក គីម យូជុង បានលើកឡើងថា វាជាសិទ្ធិអធិបតេយ្យរបស់កូរ៉េខាងជើង ក្នុងការទទួលបានសមត្ថភាពឈ្លបយកការណ៍តាមលំហ។

លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ KCNA គ្រប់គ្រងដោយរដ្ឋថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពអ្វីក៏ដោយ ដែលវាអាចមានក្នុងការការពារសិទ្ធិ និងផលប្រយោជន៍អធិបតេយ្យភាពរបស់ខ្លួន។

ការអត្ថាធិប្បាយរបស់លោកស្រី គីម បានកើតឡើងមួយថ្ងៃបន្ទាប់ពីគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើងដែលដឹកផ្កាយរណប Malligyong-1 ដែលជាផ្កាយរណបចារកម្មដំបូងរបស់ប្រទេសនេះបានបាត់បង់ការរុញច្រានបន្ទាប់ពីការបំបែកដំណាក់កាលមួយ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។

បន្ទាប់ពីការទទួលយកការបរាជ័យយ៉ាងឆាប់រហ័សខុសពីធម្មតា កូរ៉េខាងជើងបានឲ្យដឹងថា ខ្លួននឹងធ្វើការបាញ់បង្ហោះលើកទីពីរ បន្ទាប់ពីការវិភាគអំពីអ្វីដែលខុស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

ការបាញ់បង្ហោះនេះត្រូវបានថ្កោលទោសយ៉ាងឆាប់រហ័សដោយកូរ៉េខាងត្បូង ដែលបានទាញយកកំទេចកំទីខ្លះចេញពីទឹក ក៏ដូចជាទីក្រុងតូក្យូ និងវ៉ាស៊ីនតោន ដែលបានកត់សម្គាល់ការបាញ់បង្ហោះពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចផ្លោងហាមឃាត់ បានបង្កើនភាពតានតឹង និងប្រថុយប្រថានដល់សន្តិសុខក្នុងតំបន់ និងក្រៅតំបន់៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top