ប៉ារីស ៖ ប្រព័ន្ធផ្សព្វផ្សាយបារាំង បានរាយការណ៍ កាលពីថ្ងៃចន្ទថា កងកម្លាំងទ័ពអាកាស របស់ប្រទេសបារាំងកំពុងធ្វើតេស្តិ៍ ប្រព័ន្ធប្រឆាំងនឹង យន្តហោះគ្មានមនុស្សបើកថ្មី និងប្រព័ន្ធអព្យាក្រឹត ដែលខ្លួនត្រូវប្រើប្រាស់ សម្រាប់ត្រួតពិនិត្យ និងការពារដែនអាកាស ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។
កាសែតបារាំងមួយបាន រាយការណ៍ថា ប្រព័ន្ធ PARADE មានតម្លៃ ២៨៥ លានដុល្លារ ។ ចំណែកការដឹកជញ្ជូន របស់វាត្រូវបាន គេរាយការណ៍ថា មានការពន្យារពេល ដោយសារតែខ្វះ សមាសធាតុមួយចំនួន ទោះបីជាក្រុមហ៊ុនផលិត បានផ្តល់ការធានាថា វានឹងរួចរាល់ សម្រាប់ការប្រើប្រាស់ នៅរដូវស្លឹកឈើជ្រុះនេះ នៅការប្រកួតកីឡាបាល់ ឱបពិភពលោកឆ្នាំ ២០២៣ នឹងត្រូវប្រើកម្មវិធីសម្រាប់ ការត្រួតពិនិត្យរយៈពេល ២០០ម៉ោង ។
កាសែតនេះបាននិយាយថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នឹងតម្រូវឲ្យមានការឃ្លាំ មើលចំនួន ៤០០០ ម៉ោង ដោយដកស្រង់ របាយការណ៍របស់សភា ។ ទីក្រុងប៉ារីសនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ និងកីឡាប៉ារ៉ាឡាំពិកចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៤ ៕
ដោយ៖លី ភីលីព
