ព័ត៌មានអន្តរជាតិ

Update៖ ទាហានរបស់អ៊ុយក្រែន ប្រមាណជាង២០.០០០នាក់ទទួលបាន ការហ្វឹកហ្វឺននៅអង់គ្លេស

រូបភាពពី៖​ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធម្សិលមិញនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធារបស់អ៊ុយក្រែន ជាង២០.០០០នាក់បានទទួលការហ្វឹកហ្វឺនរួចហើយនៅក្នុងចក្រភពអង់គ្លេស ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញ Facebook បានឲ្យដឹងថា ក្រៅពីការហ្វឹកហ្វឺន ចក្រភពអង់គ្លេស បានផ្តល់ឱ្យទាហានអ៊ុយក្រែន នូវសម្ភារៈយោធាដែលជាផ្នែកមួយ នៃការហ្វឹកហ្វឺនអន្តរជាតិ ហៅថា Operation Interflex ។

ជាពិសេសនោះ ទាហានរបស់អ៊ុយក្រែន បានទទួលឯកសណ្ឋានយោធា និងស្បែកជើង អាវការពារគ្រាប់កាំភ្លើង និងមួកសុវត្ថិភាព ព្រមទាំងវ៉ែនតាយុទ្ធសាស្ត្រ និងស្រោមដៃ ឧបករណ៍សង្គ្រោះបឋម និងឧបករណ៍ប្រភេទផ្សេងៗថែមទៀតផង ។

សេចក្តីថ្លែងការណ៍បានដាក់ថា ជំនួយយោធារបស់ចក្រភពអង់គ្លេស សម្រាប់អ៊ុយក្រែន មានលើសពី២,៣ពាន់លានផោន ស្មើនឹងប្រហែល២,៩ពាន់លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា ការហ្វឹកហ្វឺននេះបានបើកដំណើរការ នៅរដូវក្តៅឆ្នាំ២០២២ ដែលជាប្រតិបត្តិការ Interflex គឺជាកម្មវិធីបណ្តុះបណ្តាលអន្តរជាតិ ដែលដឹកនាំដោយចក្រភពអង់គ្លេស សម្រាប់អ្នកដែលជ្រើសរើសជាបុគ្គលិករបស់អ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top