ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សា សន្តិសុខជាតិអ៊ុយក្រែន៖ សង្គ្រាមលោកលើកទី៣ គឺបានចាប់ផ្តើមរួចទៅហើយ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនកាលពីថ្ងៃម្សិលមិញបានលើកឡើងនិងអះអាងថា សង្រ្គាមលោកលើកទី៣គឺកំពុងដំណើរការស្រាប់ទៅហើយ ដោយជម្លោះរវាងទីក្រុងមូស្គូ និងក្រុងគៀវ បានអូសទាញប្រទេសឆ្ងាយៗពីតំបន់ឲ្យមកចូលរួម។

ថ្លែងនៅក្នុងវេទិកាជាតិស្តីអំពីសន្តិសុខទីក្រុងគៀវ លោក Aleksey Danilov បានអះអាងថា NATO ត្រូវការអ៊ុយក្រែនជាសមាជិក ព្រោះភាពចលាចលជាសកលនឹងបន្តហើយលោកបានអំពាវនាវសុំមានការពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត។

លោកបន្តថា៖ពីព្រោះថា វាបានចាប់ផ្តើមរួចទៅហើយ។ប្រសិនបើនរណាម្នាក់គិតថាសង្គ្រាមលោកលើកទី៣មិនទាន់បានចាប់ផ្តើមទេ នោះវាពិតជាកំហុសដ៏ធំមួយ។សង្គ្រាមនេះកំពុងដំណើរការក្នុងដំណាក់កាលកូនកាត់មួយរយៈ ហើយឥឡូវនេះបានចូលដល់ដំណាក់កាលសកម្ម។

គួរឲ្យដឹងដែរថាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន រូបនេះបានធ្វើឡើងក្រោយមួយថ្ងៃដែលក្រសួងការពារជាតិរុស្ស៊ី បានប្រកាសអះអាងថា ក្នុងអំឡុងពេលបីខែ នៃការវាយបករបស់អ៊ុយក្រែន ពួកគេបានបាត់បង់ជីវិតទាហានប្រហែល ៦៦០០០នាក់ និងអាវុធធុនធ្ងន់ចំនួន៧៦០០គ្រឿង ខណៈដែលលទ្ធផលដែលទទួលបានហាក់ដូចជាមិនមានអ្វីជាដុំកំភួនឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top