ព័ត៌មានអន្តរជាតិ

ស្ត្រីទីមួយអាមេរិក លោកស្រី Melania Trump ប្រកាសដាក់ចាក់បញ្ចាំង ភាពយន្តឯកសារតម្លៃ រាប់លានដុល្លារ នៅមជ្ឈមណ្ឌល Trump-Kennedy

វ៉ាស៊ីនតោន៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ភរិយាប្រធានាធិបតីអាមេរិកលោក Donald Trump លោកស្រី Melania Trump នៅថ្ងៃព្រហស្បតិ៍នេះបានចាក់បញ្ចាំង ភាពយន្តថ្មីរបស់លោកស្រី ដោយសន្យាថានឹងបង្ហាញ ពីទិដ្ឋភាពនៅពីក្រោយឆាក នៃការវិលត្រឡប់មកកាន់អំណាចរបស់ស្វាមីលោកស្រីវិញ ហើយភាពយន្តឯកសារ ទទួលបានមូលនិធិពីកិច្ចព្រមព្រៀង ដ៏អស្ចារ្យតម្លៃរាប់លានដុល្លារជាមួយ Amazon។

ភាពយន្តឯកសារដែលមាន ចំណងជើងសាមញ្ញថា ” Melania ” នឹងត្រូវបានចាក់បញ្ចាំងនៅមជ្ឈមណ្ឌល Trump-Kennedy ទើបប្តូរឈ្មោះថ្មីនៅទីក្រុង វ៉ាស៊ីនតោន ដែលមានការចូលរួមពីទាំងស្ត្រីទីមួយអាមេរិក និងប្រធានាធិបតីអាមេរិក Donald Trump ផ្ទាល់។

លោកស្រី Melania Trump បាននិយាយនៅពេលលោកស្រី រោទ៍កណ្តឹងបើកផ្សារហ៊ុនញូវយ៉ក នៅថ្ងៃពុធថា ភាពយន្តថ្មីរបស់ខ្ញុំ Melania ផ្តល់នូវបង្អួចមួយចូលទៅក្នុងរយៈពេលដ៏សំខាន់មួយ សម្រាប់អាមេរិ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ មនុស្សនឹងឃើញរយៈពេល ២០ ថ្ងៃមុនពេលចូលកាន់តំណែង តាមរយៈក្រសែភ្នែករបស់ស្ត្រីទីមួយថ្មី។

លោកស្រី Melania Trump ជារឿយៗជាឥស្សរជនអាថ៌កំបាំងម្នាក់ចាប់តាំងពីការវិលត្រឡប់របស់ប្រធានាធិបតី លោក Trump មកកាន់សេតវិមានវិញក្នុងខែមករា ឆ្នាំ២០២៥ ដោយចូលចិត្តចំណាយពេលជាមួយកូនប្រុសរបស់ប្តីប្រពន្ធ គឺលោក Barron នៅទីក្រុងញូវយ៉ក និងរដ្ឋផ្លរីដា។

ប៉ុន្តែលោកស្រី បានបន្តថា ខ្សែភាពយន្តនេះ ដែលចាក់បញ្ចាំងទូទាំងពិភពលោក នៅថ្ងៃសុក្រ ហើយក្រោយមកនឹងចាក់បញ្ចាំងផ្តាច់មុខនៅលើ Amazon Prime នឹងផ្តល់ឲ្យមនុស្សនូវទិដ្ឋភាពនៅពីក្រោយអាថ៌កំបាំងនេះ ។ លោកស្រី បានប្រាប់ Fox and Friends កាលពីថ្ងៃពុធថា ពួកគេនឹងឃើញពីរបៀបដែលខ្ញុំធ្វើការ ខ្ញុំជានរណា របៀបដែលខ្ញុំទំនាក់ទំនងជាមួយមនុស្ស ហើយពួកគេនឹងស្គាល់ខ្ញុំបន្ថែមទៀត។

វីដេអូខ្លីសម្រាប់ខ្សែភាពយន្តឯកសារចេញផ្សាយក្នុងខែធ្នូ បានបង្ហាញអតីតតារាម៉ូដែលរូបនេះ កំពុងសម្លឹងមើលកាមេរ៉ា មុនពេលស្វាមីរបស់លោកស្រី ស្បថចូលកាន់តំណែងលើកទីពីរនៅឯវិមានកាពីតូលសហរដ្ឋអាមេរិក ហើយនិយាយថា “យើងចាប់ផ្តើមម្តងទៀតហើយ”៕

Most Popular

To Top