ព័ត៌មានអន្តរជាតិ

កំពូលតារាចម្រៀងកូរ៉េខាងត្បូង តារាចម្រៀង Psy ត្រូវបានបញ្ជូនទៅតុលាការចោទប្រកាន់ ពីបទរំលោភច្បាប់វេជ្ជសាស្ត្រ

កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងរ៉េបកូរ៉េខាងត្បូង ដ៏ល្បីល្បាញ លោក Psy ត្រូវបានបញ្ជូន ទៅព្រះរាជអាជ្ញាពីបទសង្ស័យថា បានទទួលថ្នាំញៀនតាមវេជ្ជបញ្ជាតាមរយៈភាគីទី៣ ដោយមិនបានទៅមន្ទីរ ពេទ្យដោយផ្ទាល់ និងមនុស្សជាប់ពាក់ព័ន្ធ ៣ នាក់ទៀត។

យោងតាមរបាយការណ៍របស់ MBC បាននិយាយថា តារាចម្រៀងរូបនេះ ដែលមានឈ្មោះពិតថា Park Jae-sang ត្រូវបានចោទប្រកាន់ពីបទទទួលថ្នាំញៀនតាមវេជ្ជបញ្ជា Xanax និង Stilnox ពីមន្ទីរពេទ្យសាកលវិទ្យាល័យមួយក្នុងទីក្រុងសេអ៊ូល ដោយមិនបានទៅជួបគ្រូពេទ្យ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៥។

ការិយាល័យរដ្ឋអាជ្ញាស្រុកខាងលិចទីក្រុងសេអ៊ូលបានទទួលសំណុំរឿងនេះកាលពីម្សិលមិញ ហើយកំពុងស៊ើបអង្កេតបុគ្គល ៤ នាក់ រួមទាំងលោក PSY សាស្ត្រាចារ្យមន្ទីរពេទ្យសាកលវិទ្យាល័យ និងអ្នកគ្រប់គ្រងរបស់គាត់ ពីបទរំលោភលើច្បាប់សេវាវេជ្ជសាស្រ្ត។  លោក Psy ត្រូវបានចោទប្រកាន់ពីបទទទួលវេជ្ជបញ្ជាសម្រាប់ថ្នាំចាប់ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំមុនដោយមិនមានការពិនិត្យផ្ទាល់ ហើយមានភាគីទី៣ ដូចជាអ្នកគ្រប់គ្រងរបស់គាត់ ជាអ្នកទទួលថ្នាំជំនួសគាត់។

ថ្នាំត្រូវបានចេញវេជ្ជបញ្ជា ឲ្យលោក Psy ជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងជំងឺគេងមិនលក់ ហើយដោយសារតែអត្រា នៃការពឹងផ្អែក និងការញៀនខ្ពស់ ការពិនិត្យផ្ទាល់គឺជានីតិវិធីចាំបាច់។ ច្បាប់វេជ្ជសាស្រ្តបច្ចុប្បន្នចែងថា មានតែគ្រូពេទ្យដែលបានពិនិត្យអ្នកជំងឺដោយផ្ទាល់ប៉ុណ្ណោះអាចចេញវេជ្ជបញ្ជាបាន។

ស្ថានីយ៍ប៉ូលីស Seoul Seodaemun បាននិយាយថា ខ្លួនបានបញ្ជូនមនុស្សសរុបចំនួន ៦ នាក់ រួមទាំងលោក Psy អ្នកគ្រប់គ្រងរបស់គាត់ និងវេជ្ជបណ្ឌិតដែលបានចេញវេជ្ជបញ្ជាថ្នាំទាំងនោះ ទៅកាន់ការចោទប្រកាន់នៅថ្ងៃសុក្រ ដោយសង្ស័យថាបានរំលោភលើច្បាប់វេជ្ជសាស្ត្រ។

ច្បាប់បច្ចុប្បន្នហាមឃាត់ការចេញវេជ្ជបញ្ជា ដោយអ្នកតំណាង។ ថ្នាំ Xanax និង Stilnox ជាថ្នាំផ្លូវចិត្តដែលប្រើសម្រាប់ព្យាបាលជំងឺ គេងមិនលក់ ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ដោយសារតែហានិភ័យខ្ពស់នៃការពឹងផ្អែក និងការញៀន ការពិនិត្យផ្ទាល់ និងវេជ្ជបញ្ជាគឺជាច្បាប់៕

Most Popular

To Top