វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃអង្គារ បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache របស់កងទ័ពសហរដ្ឋអាមេរិកមួយថ្ងៃមុននេះ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ ABC News បន្ទាប់ពីប្រតិបត្តិការបានចាប់ផ្តើមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ “ខ្លាំងក្លាណាស់ និងមានឥទ្ធិពលខ្លាំងណាស់”។
តាមការចុះផ្សាយរបស់ CENTCOM នៅលើ X បានឲ្យដឹងថា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង ៥ ល្ងាច ម៉ោងភាគខាងកើតសហរដ្ឋអាមេរិក តាមការណែនាំរបស់ប្រធានាធិបតី។ បន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា សំឡេងផ្ទុះជាច្រើនត្រូវបានគេឮនៅព្រឹកថ្ងៃពុធ ហើយប្រព័ន្ធការពារដែនអាកាសត្រូវបានធ្វើឱ្យសកម្មនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas កោះ Qeshm ស្រុក Sirik និងស្រុក Jask នៅភាគខាងត្បូងអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា សំឡេងផ្ទុះចំនួន ៦លើកត្រូវបានគេឮនៅស្រុក Sirik កោះ Qeshm និងទីក្រុង Minab ភាគខាងត្បូង ដោយបន្ថែមថា តំបន់នានានៅក្នុងតំបន់ទាំង៣ ត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក។
នៅព្រឹកថ្ងៃអង្គារ លោក ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រកងទ័ពអាមេរិកមួយគ្រឿងនៅជិតច្រកសមុទ្រហ័រមូសហើយបានសន្យាថា នឹងធ្វើការឆ្លើយតប។ លោកបាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំទើបតែទទួលបានដំណឹងថាកាលពីយប់មិញ កងទ័ពអ៊ីរ៉ង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache ដ៏ទំនើបមួយគ្រឿងរបស់យើង ខណៈពេលដែលវាកំពុងល្បាតលើច្រកសមុទ្រហ័រមូស”។
លោកបន្ដថា អ្នកបើកយន្តហោះពីរនាក់នៅលើយន្តហោះ “មានសុវត្ថិភាព និងមិនរងរបួស” ដោយបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ត្រូវតែឆ្លើយតបទៅនឹងការវាយប្រហារនេះ”។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានកើតឡើង ខណៈដែលអ៊ីស្រាអែលបានបន្តការវាយប្រហារនៅភាគខាងត្បូងប្រទេសលីបង់ នៅថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារសងសឹកគ្នាជាច្រើនថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ និងបន្ថែមភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
