កីឡា

កីឡាករ-កីឡាករជនពិការកម្ពុជា មិនអាចទៅចូលរួម ការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយសារមេរោគកូរ៉ូណា

ភ្នំពេញ៖ ក្រោយពីបញ្ចប់ ការប្រកួតកីឡា SEA GAMES 2019 ប្រទេសហ្វីលីពីន ត្រូវបន្តធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ ប្រកួតកីឡាជនពិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលគេហៅថា អាស៊ានប៉ារ៉ាហ្គេម (ASEAN Paaragames) លើកទី១០ ប៉ុន្តែពេលនេះ ត្រូវបានលើកពេលប្រកួត ដោយគ្មានការកំណត់ ។

តាមការគ្រោងទុកព្រឹត្តិការណ៍នេះ នឹងធ្វើពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ឧសភា ដោយ គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ នៃប្រទេសហ្វីលីពីន បានត្រៀមដាក់កីឡាចំនួន ២០ប្រភេទ សម្រាប់ការប្រកួតលើកទី១០នេះ ដោយឡែកកម្ពុជាបានប្រកាស ដាក់កីឡាចំនួន៩ប្រភេទ សម្រាប់ការប្រកួតនេះដែរ ។

លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបង្ហាញពីជំនឿចិត្តថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលត្រូវបានពន្យារពេល គ្មានការកំណត់នេះ កម្ពុជាមានជំនឿចិត្ត លើ៤ប្រភេទកីឡាថា នឹងប្រជែងបានមេដាយ ។ នេះជាលើកទី២ហើយ ដែលប្រទេសហ្វីលីពីន ទទួលរៀបចំ ធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ដែលលើកដំបូង គឺឆ្នាំ២០០៥ ដែលកាលនោះ ប្រទេសនេះក៏ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមដែរ ។

បាវចនាសម្រាប់ អាស៊ានប៉ារ៉ាហ្គេមលើកទី១០នេះ ដូចបាវចនារបស់ស៊ីហ្គេមលើកទី៣០ដែរ គឺយើងឈ្នះតែមួយ (WE WIN AS ONE) ។

នៅក្នុងសេណារីយោ នៃពិធីសម្ភោធន៍ បើកការប្រកួតជាផ្លូវការនោះ មានពិធីស្បថរបស់ចៅក្រម អាជ្ញាកណ្ដាល ព្រមទាំងពិធីស្បថ របស់អត្តពលិកទៀតផង ៕ ដោយ៖លី ភីលីព

Most Popular

To Top