កីឡា

ខ្លាចាស់ ឡុង ខេត្ត ប៉ះគោខ្ចី លីន សេងហុង TV5 Boxing Knock-Out Serie by CellCard វគ្គជម្រុះជុំទី១នៅយប់ថ្ងៃសៅរ៍នេះ

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត កីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by CellCard វគ្គជម្រុះជុំទី១នៅយប់ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០នេះនៅសង្វៀន TV5ព្រែកកំពឹស អ្នកប្រដាល់ជើងថ្មី លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀន TV5ព្រែកកំពឹស បាននិយាយថា អ្នកប្រដាល់ សេងហុងមិនខ្សោយឡើយ ទើបរូបគេហ៊ានចូលប្រឡូកក្នុងការប្រកួតដណ្ដើមពាននេះ ខណៈឡុង ខេត្តជាខ្លាចាស់មួយរូប កំពុងតែបន្តមានឈ្មោះបោះសំឡេង ចំពោះឡុង ខេត្តពិតជាខ្លាំងមែន តែគេជាអ្នកប្រដាល់ដែលមានអំណួត និង ចូលចិត្តវាយបំពានគូប្រកួត ដោយធ្វេសប្រហែស ក្នុងការការពារដែលនេះជាចំណុចខ្សោយរបស់គេ ។

សេងហុង ការប្រកួតបាន២៥ដងប៉ុណ្ណោះ ឈ្នះបាន១៦ដង ចាញ់៧ដង និស្មើពិន្ទុ២ដង ចំណែក ឡុង ខេត្ត ការប្រកួតបាន៨៥ដង ឈ្នះ៥៦ដង ចាញ់ ២០ដង និងស្មើពិន្ទុ៩ដង ។ ទោះបីស្ថិតិប្រកួតខុសគ្នា ក៏ពិតមែន ប៉ុន្តែលីន សេងហុងប្ដេជ្ញាថានឹងប្រជែងយកកៅអីសម្រាប់វគ្គជម្រុះជុំទី២ឲ្យទាល់តែបាន ។

ដោយឡែកគូប្រកួតក្រៅ ព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះ អ្នកប្រដាល់ថាន់ ប៊ុនរ៉ុង ក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយអ្នកប្រដាល់ មាឃ សុវណ្ណារ៉ា ក្លិបតាឡីដំរីមានរិទ្ធដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ខ្លាចាស់អ៊ុង កំសត់ ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបង ប្រកួត អ្នកប្រដាល់ជើងថ្មីសឿន ឆ្នើមក្លិបបញ្ជាការដ្ឋានទ័ពពិសេស ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ៕

Most Popular

To Top